លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញការស្វាគមន៍ក្រុមហ៊ុនអាមេរិក ដើម្បីអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងធនធានទឹក និងឧតុនិយមនៅកម្ពុជាឱ្យកាន់តែទំនើបថែមទៀត។ លោកលើកឡើងដូច្នេះ ក្នុងឱកាសអនុញ្ញាត្តិឱ្យគណៈប្រតិភូក្រុមហ៊ុន IMSG អាមេរិក ដឹកនាំដោយ លោកស្រី Imelda Martin-Hum ចូលជួបពិភាក្សាការងារកាលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងកិច្ចជំនួប លោករដ្ឋមន្ត្រី ថោ ជេដ្ឋា បានជម្រាបជូនគណៈប្រតិភូពីអាទិភាពចម្បងរបស់ក្រសួង ក្នុងការបន្តពង្រឹងសេវាកម្មឧតុនិយម និងជលសាស្ត្រ ការអភិវឌ្ឍធនធានមនុស្ស និងការធ្វើទំនើបកម្មប្រព័ន្ធព្យាករណ៍អាកាសធាតុជាតិ ដើម្បីផ្ដល់ជូននូវព័ត៌មានអាកាសធាតុដែលអាចទុកចិត្តបាន និងទាន់ពេលវេលា ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិ គាំទ្រដល់ផលិតកម្មកសិកម្ម កែលម្អការគ្រប់គ្រងធនធានទឹក កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងបង្កើនភាពធន់ចំពោះការប្រែប្រួលអាកាសធាតុ សំដៅរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានបង្ហាញនូវការស្វាគមន៍ចំពោះឱកាសសហការជាមួយក្រុមហ៊ុន IMSG ដើម្បីគាំទ្រចក្ខុវិស័យរបស់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងធនធានទឹក និងឧតុនិយមទំនើប ដែលធន់នឹងអាកាសធាតុ ដោយផ្តោតលើការពង្រឹងការផ្លាស់ប្តូរឌីជីថល ការកែលម្អការសម្រេចចិត្តដែលផ្អែកលើទិន្នន័យ ការបង្កើនសមត្ថភាពព្យាករណ៍ និងការព្រមានជាមុន និងការកសាងសមត្ថភាពស្ថាប័ន និងបច្ចេកទេសតាមរយៈការផ្ទេរចំណេះដឹង ការបណ្តុះបណ្តាល និងការផ្លាស់ប្តូរអ្នកជំនាញ។

សូមជម្រាបថា ក្រុមហ៊ុន I.M. Systems Group (IMSG) សហរដ្ឋអាមេរិក គឺជាក្រុមហ៊ុនវិទ្យាសាស្ត្រ និងវិស្វកម្ម ដែលមានជំនាញខាងឧតុនិយមប្រតិបត្តិការ ឧតុនិយមជលសាស្ត្រ ការសង្កេតផែនដី បច្ចេកវិទ្យាភូមិសាស្ត្រ ប្រព័ន្ធព័ត៌មានបរិស្ថាន និងដំណោះស្រាយគាំទ្រការសម្រេចចិត្ត។ ក្រុមហ៊ុន មានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការគាំទ្រដល់ភ្នាក់ងាររដ្ឋាភិបាលក្នុងការអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដើម្បីកែលម្អសេវាកម្មអាកាសធាតុ ការត្រួតពិនិត្យបរិស្ថាន និងភាពធន់នឹងអាកាសធាតុ៕ អត្ថបទ៖ហ្សាលីន


