អ្នកឧកញ៉ា គិត ម៉េង ទទួលជួបពិភាក្សារវាងសភាពាណិជ្ជកម្មកម្ពុជា និង ស្ថានទូតនៃសាធារណរដ្ឋ​សហព័ន្ធប្រេស៊ីលប្រចាំកម្ពុជា

ជុំវិញ​ឧកញ៉ា

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ វីវៀន ឡូស សាន់ម៉ាទីន (Vivian Loss Sanmartin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃ​សាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ក្នុងជំនួបពិភាក្សា​នេះ លោកជំទាវ វីវៀន ឡូស សាន់ម៉ាទីន (Vivian Loss Sanmartin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃ​សាធារណរដ្ឋសហព័ន្ធប្រេស៊ីលប្រចាំកម្ពុជា បានថ្លែង​អំណរ​គុណចំពោះ អ្នកឧកញ៉ា គិត ម៉េង ដែល​បាន​ទទួល​ជួប​សម្តែង​ការ​គួរសម​និង​ពិភាក្សាការងារ​។ លោកជំទាវ បានបង្ហាញនូវបំណងប្រាថ្នាយ៉ាងមុតមាំក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត តាមរយៈការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និង ជំរុញគណៈប្រតិភូធុរកិច្ចរវាងប្រទេសទាំងពីរ ដើម្បីពង្រីកឱកាសវិនិយោគថ្មីៗ និងនាំមកនូវប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជាតិទាំងពីរ។ លោក​ជំទាវ បានវាយតម្លៃខ្ពស់ចំពោះសក្តានុពលសេដ្ឋកិច្ចកម្ពុជា។

ជាកិច្ចឆ្លើយតប អ្នកឧកញ៉ា គិត ម៉េង បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះការបង្កើត​ស្ថានទូតប្រេស៊ីលនៅរាជធានីភ្នំពេញ ក្នុងការបន្តពង្រឹងទំនាក់ទំនងការទូត និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

អ្នកឧកញ៉ា បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតក្របខ័ណ្ឌធុរកិច្ចដ៏ល្អប្រសើរ ដែលអនុញ្ញាតឱ្យ​វិនិយោគិនបរទេសមានកម្មសិទ្ធិ ១០០% លើស្ទើរគ្រប់វិស័យ ដើម្បីទាក់ទាញ ការវិនិយោគផ្ទាល់ ព្រមទាំងការ​បង្កើតតំបន់សេដ្ឋកិច្ចពិសេស ក្នុងនោះ រដ្ឋាភិបាលកម្ពុជាកំពុងការពារការវិនិយោគដែលមានស្រាប់ ទាក់ទាញ​ធុរកិច្ចថ្មីៗ និងអនុវត្តការកែទម្រង់យ៉ាងសកម្មដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs)។

អ្នកឧកញ៉ា បានស្នើ​ លោកជំទាវ​ឯក​អគ្គរដ្ឋ​ទូត​ ជំរុញ​ដល់​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​៖ ១) ជំរុញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ២)កិច្ចព្រមព្រៀងជំរុញ និងការពារការវិនិយោគ និង ៣) កិច្ចព្រមព្រៀងស្តីពី​ការចៀសវាងការយកពន្ធត្រួតគ្នា (DTA)។ ជាង​នេះ​ទៅ​ទៀត អ្នក​ឧកញ៉ា ជំរុញ​លើកកម្ពស់វិស័យទេសចរណ៍ និង លំហូរភ្ញៀវទេសចរ តាមរយៈការសិក្សាលើការបង្កើតជើងហោះហើរត្រង់ និងការសម្របសម្រួល​ទិដ្ឋាការ​ទេសចរណ៍។

អ្នក​ឧកញ៉ា គូស​បញ្ជាក់​ថា កម្ពុជាមានទីតាំងយុទ្ធសាស្ត្រនៅចំកណ្តាលអាស៊ាន ដែលផ្តល់នូវច្រកចូលទីផ្សារ​តំបន់ដ៏ធំ​ ហើយ​អាស៊ាន​គឺ​ជា​តំបន់​ដែល​កំពុង​មាន​កំណើន​ខ្ពស់ ទោះបីជាមានបញ្ហាប្រឈម និងជម្លោះនៅមជ្ឈិម​បូព៌ាក៏ដោយ។

ជាកិច្ចបញ្ចប់ ភាគីទាំងពីរបានឯកភាព​ជា​គោលការណ៍​ លើចំណុចដែល​បាន​ពិភាក្សា​ និង ត្រៀមខ្លួនក្នុង​ការស្វាគមន៍​ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធុរកិច្ចប្រេស៊ីលមកកម្ពុជា និង ពីកម្ពុជាទៅប្រេស៊ីល នាពេល​អនាគត ដើម្បីទាក់ទាញ ការវិនិយោគផ្ទាល់ និងពង្រឹងទំនាក់ទំនងការទូត និងសេដ្ឋកិច្ចនៃ ប្រទេសទាំងពីរ។