លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានផ្ញើសារដ៏ផ្អែមល្ហែម ពោរពេញទៅដោយអត្ថន័យ ក្នុងឱកាសខួបកំណើតរបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប, ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦នេះ។

នៅលើបណ្តាញសង្គមហ្វេសប៊ុក លោកជំទាវអ្នកឧកញ៉ា បានបង្ហោះវីដេអូឃ្លីបភ្ជាប់ជាមួយសារបែបនេះថា៖ “រៀងរាល់ឆ្នាំ នៅថ្ងៃខួបកំណើតរបស់បង អូនតែងតែគិតថា តើអូនអាចជូនពរអ្វីដល់បងបន្ថែមទៀត បើក្តីប្រាថ្នារបស់អូននៅតែដដែល គឺសូមឱ្យបងមានសុខភាពល្អ មានសុភមង្គល និងមានពេលវេលាច្រើនជាងមុន ដើម្បីរីករាយជាមួយជីវិតដែលយើងបានកសាងជាមួយគ្នា។
ពីមួយឆ្នាំទៅមួយឆ្នាំ អូនកាន់តែយល់ថា ពេលវេលាដើរលឿនប៉ុណ្ណា។ កូនៗរបស់យើងក៏កាន់តែធំឡើង សក់របស់យើងក៏ចាប់ផ្តើមមានពណ៌សបន្តិចម្តងៗ ហើយពេលវេលាធម្មតាៗដែលយើងមិនសូវចាប់អារម្មណ៍ បែរជាក្លាយជាពេលវេលាដែលអូនឱ្យតម្លៃ និងចងចាំបំផុត។
ដូច្នេះ ឆ្នាំនេះ ក្តីប្រាថ្នារបស់អូនគឺសាមញ្ញបំផុត។ អូនសូមឱ្យពួកយើងនៅមានពេលវេលាជាច្រើនឆ្នាំទៀត ដើម្បីមើលកូនៗរបស់យើងធំឡើង ដើរលេងជាមួយគ្នា, ធ្វើអ្វីដែលមានអត្ថន័យសម្រាប់សង្គម និងប្រទេសជាតិរបស់ពួកយើងជាមួយគ្នា, ប្រកែកគ្នារឿងតូចតាច ហើយនៅតែអាចត្រឡប់មកសើចជាមួយគ្នាវិញដូចរាល់ដង។
រីករាយថ្ងៃខួបកំណើតបងសម្លាញ់! លើសពីពាក្យជូនពរទាំងអស់ដែលអូនអាចនិយាយនៅថ្ងៃនេះ អ្វីដែលអូនចង់ឱ្យបងដឹងបំផុត គឺមិនថាជីវិតបាននាំពួកយើងឆ្លងកាត់គ្រាបែបណាក៏ដោយ យើងនៅតែនៅក្បែរគ្នា ហើយស្រលាញ់គ្នាច្រើនជាងមុន”។
សូមជម្រាបថា អ្នកឧកញ៉ា គិត ម៉េង គឺជាអ្នកជំនួញដ៏ធំប្រចាំកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជាប្រធានក្រុមហ៊ុន The Royal Group ដែលមានក្រុមហ៊ុនចំណុះជិត ៣០ក្រុមហ៊ុន។ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង មានបុត្រាបុត្រីចំនួន ៤នាក់គឺ កូនប្រុសច្បង ឧកញ៉ា គិត ស៊ូឡា បច្ចុប្បន្នកំពុងកាន់តួនាទីជា អគ្គនាយករងនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប, កញ្ញា គិត ស៊ូរៀរង្សី, កញ្ញា គិត ស៊ូណាវីន ទេវី និងកូនប្រុសពៅ គិត ស៊ូឡុង៕







