ចាប់ពីថ្ងៃទី២៤ ខែកក្កដានេះតទៅ ពន្ធនាំចូលថ្មីរបស់សហរដ្ឋអាមេរិក នឹងត្រូវបានអនុវត្តចំពោះប្រទេសចំនួន ៦០ បន្ទាប់ពីមានការស៊ើបអង្កេតលើការអនុវត្តពាណិជ្ជកម្មដោយមិនយុត្តិធម៌ត្រូវបានចូលជាធរមាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) បានប្រកាសថា ពន្ធបន្ថែមនឹងត្រូវបានអនុវត្តចំពោះទំនិញដែលកំពុងដំណើរការសម្រាប់ការប្រើប្រាស់ ឬដកចេញពីឃ្លាំងដែលមានប័ណ្ណបំណុល ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នេះតទៅ។ ចំពោះពន្ធថ្មីនេះមានអត្រាពីរគឺមាន ១០% និង ១២,៥% ។
យោងតាម USTR ពន្ធគយ ១០% ត្រូវបានអនុវត្តចំពោះការនាំចូលពីប្រទេសដូចជាអាហ្សង់ទីន បង់ក្លាដែស ចក្រភពអង់គ្លេស កម្ពុជា កាណាដា អេក្វាឌ័រ អែលសាល់វ៉ាឌ័រ ហ្គាតេម៉ាឡា ហុងឌូរ៉ាស ឥណ្ឌា ឥណ្ឌូណេស៊ី ហ្ស៊កដានី ម៉ាឡេស៊ី ម៉ិកស៊ិក និងប្រទេសដទៃទៀត។
ដោយឡែកសម្រាប់សហភាពអឺរ៉ុប (EU) តៃវ៉ាន់ ជប៉ុន កូរ៉េខាងត្បូង និងស្វីស អត្រាពន្ធគយថ្មី នឹងត្រូវបន្ថែមទៅលើពន្ធគយដែលមានស្រាប់ ដោយអាចមានចំនួនសរុប ១០% ឬ ១២,៥% អាស្រ័យលើសេដ្ឋកិច្ច។
យ៉ាងណាមិញ ចំពោះប្រទេសចំនួន ៣៨ ដែលនៅសល់ត្រូវបង់ពន្ធ ១២,៥% ពេញ រួមទាំងវៀតណាម ចិន ហ្វីលីពីន ថៃ និងប្រទេសដទៃទៀត។
គួរជម្រាបជូនថា សហរដ្ឋអាមេរិកបានស្នើពន្ធថ្មីទាំងនេះ នៅដើមខែមិថុនា បន្ទាប់ពីមានការស៊ើបអង្កេតរយៈពេលជាច្រើនខែលើគោលនយោបាយរបស់ដៃគូពាណិជ្ជកម្មរបស់ខ្លួនក្នុងការទប់ស្កាត់ចរាចរផលិតផលដែលផលិតដោយកម្លាំងពលកម្មដោយបង្ខំ។ ការស៊ើបអង្កេតនេះត្រូវបានធ្វើឡើងក្រោមមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ១៩៧៤។ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានអះអាងថា ការធ្វើបែបនេះដើម្បីធ្វើឱ្យសហរដ្ឋអាមេរិកចៀសវាងការខាតបង់ក្នុងការប្រកួតប្រជែង៕

