ជំនួបកំពូលនៅម៉ានីល៖ កម្ពុជា-អាម៉េរិក ប្តេជ្ញាពង្រឹងទ្វេភាគី និងភាពជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែស៊ីជម្រៅ

សង្គម​ និង​សេដ្ឋកិច្ច

កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីយ៉ាងស្និទ្ធស្នាលជាមួយ លោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក។ ជំនួបដ៏សំខាន់នេះ បានប្រព្រឹត្តទៅក្នុងឱកាសដែលប្រមុខការទូតទាំងពីរ អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៩ និងកិច្ចប្រជុំពាក់ព័ន្ធ នៅក្នុងទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងកិច្ចភាក្សានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពជាវិជ្ជមានជាបន្តបន្ទាប់ នៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក។ ជាមួយគ្នានេះ ឯកឧត្តមបានគូសបញ្ជាក់ពីសារៈសំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អាម៉េរិក ដែលបច្ចុប្បន្នកម្ពុជាកំពុងដើរតួនាទីយ៉ាងសកម្មជាប្រទេសសម្របសម្រួលសម្រាប់អាណត្តិឆ្នាំ ២០២៤-២០២៧។

ឯកឧត្តម ក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការបន្តធ្វើការងារយ៉ាងជិតស្និទ្ធជាមួយ រដ្ឋមន្រ្តីការបរទេស Marco Rubio ដើម្បីរួមគ្នាជំរុញ និងលើកកម្ពស់ភាពជាដៃគូនៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន និងខិតជិតគ្នាថែមមួយកម្រិតទៀត សម្រាប់ផលប្រយោជន៍ទៅវិញទៅមក និងសន្តិភាពនៅក្នុងតំបន់។

គួរឱ្យដឹងដែរថា ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្តងទៀតជូនចំពោះ លោកប្រធានាធិបតី Donald J. Trump សម្រាប់ការគាំទ្រដ៏មានតម្លៃរបស់សហរដ្ឋអាម៉េរិក ក្នុងការសម្របសម្រួលបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ (Kuala Lumpur Peace Accord) ក៏ដូចជាការបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយបានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីការបរទេស Marco Rubio អំពីការវិវត្តចុងក្រោយនៃស្ថានភាពព្រំដែនផងដែរ៕