ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជឿជាក់ថា រុស្ស៊ី និងចិនមិនបានជួយអ៊ីរ៉ង់នៅក្នុងជម្លោះនៅមជ្ឈិមបូព៌ានាពេលកន្លងមកទេ ប៉ុន្តែបានព្រមានថា បើសិនប្រទេសទាំងពីរហ៊ានចេញមុខជួយ នោះពួកគេនឹងប្រឈមមុខទៅនឹងផលវិបាកធ្ងន់ធ្ងរមិនខាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social របស់ខ្លួនថា ៖”ក្នុងអំឡុងពេលមានកិច្ចប្រជុំថ្មីៗនេះ នៅទីក្រុងប៉េកាំង ប្រធានាធិបតី លោក ស៊ី ជិនពីង បានប្រាប់ខ្ញុំថា ចិន និងក្រុមហ៊ុនរបស់ខ្លួននឹងមិនផ្គត់ផ្គង់ ឬលក់អាវុធទៅឱ្យអ៊ីរ៉ង់ឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ”។
មេដឹកនាំអាមេរិករូបនេះបានបន្ថែមទៀតថា ប្រធានាធិបតី លោក វ៉ាឌីមៀ ពូទីន វិញក៏បានធានាដល់លោកផងដែរថា រុស្ស៊ីនឹងមិនលក់អាវុធទៅឱ្យអ៊ីរ៉ង់នោះឡើយ។
លោក ត្រាំ ក៏បាននិយាយទៀតថា ៖”ប្រទេសធំៗទាំងពីរដែលតែងតែត្រូវបានលើកឡើងទាក់ទងនឹងអ៊ីរ៉ង់ តាមគំនិតរបស់ខ្ញុំ នឹងមិនចូលរួមនៅក្នុងជម្លោះនេះនោះទេ។ បើពួកគេលូកដៃ នោះវានឹងអាក្រក់ខ្លាំងណាស់សម្រាប់ពួកគេ ហើយពិតជាមិនផ្តល់ផលប្រយោជន៍អ្វីដល់ពួកគេទេ”។
យ៉ាងណាមិញ ជុំវិញការអត្ថាធិប្បាយរបស់លោក ត្រាំ ទាំងនេះបានកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Pete Hegseth បានប្រាប់សមាជិកសភាកាលពីដើមសប្តាហ៍នេះថា រុស្ស៊ី និងចិនបានជាប់ពាក់ព័ន្ធនឹងជម្លោះនៅមជ្ឈិមបូព៌ា ទោះបីជាលោកមិនបានពន្យល់លម្អិតជាងនេះក៏ដោយ៕

