ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ បានចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានគ្រឿងឥស្សរិយយស «ជាតូបការ» ជូនដល់សប្បុរសជនចំនួន ១២រូប ក្នុងនោះមាន ឧកញ៉ាចំនួន ៣រូប។

តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៧២៦/៧២២ ព្រះមហាក្សត្រ បានប្រោសព្រះរាជទានគ្រឿងឥស្សរិយយសតាមលំដាប់ថ្នាក់ ប្រគេនព្រះសង្ឃ និងជូនសប្បុរសជនសរុបចំនួន ១៨៥ អង្គ/រូប។ ក្នុងនោះដែរ មេដាយជាតូបការ មានចំនួន១២រូប រួមមានទាំង ឧកញ៉ា ណូ សុភា អគ្គនាយិកាក្រុមហ៊ុន AG Bottcher និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា, ឧកញ៉ា កែវ បូណ៌ភិរក្ស និងភរិយា ឧកញ៉ា តាំង ធា ម្ចាស់ក្រុមហ៊ុន បូទីកា និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា។
សូមជម្រាបថា មេដាយជាតូបការ ជាគ្រឿងឥស្សរិយយសប្រភេទមាតុប្រទេស លំដាប់ខ្ពស់ជាងគេបំផុតនៅកម្ពុជា សម្រាប់បំពាក់ជូនចំពោះវរជនដែលមានគុណដ៏ឧត្តុងឧត្តមក្នុងការបម្រើមាតុប្រទេស ហើយត្រូវបានប្រទានដោយព្រះមហាក្សត្រ៕






