អ្នកឧកញ៉ា គិត ម៉េង៖ ឧកញ៉ា គិត ស៊ូឡា ស័ក្តិសមទទួលបានតំណែង «អគ្គនាយករង» ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដោយសារកត្តាសំខាន់ៗមួយចំនួន

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង ប្រធាន និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប យល់ឃើញថា កូនប្រុសរបស់អ្នកឧកញ៉ា គឺឧកញ៉ា គិត ស៊ូឡា ពិតជាស័ក្តិសមទទួលបានតំណែងជា «អគ្គនាយករង» ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដោយសារ​កត្តាសំខាន់ៗដូចជា ការប្តេជ្ញាចិត្ត ការប្រកាន់ខ្ជាប់វិន័យ ឆន្ទៈ ការខិតខំប្រឹងប្រែង និងសមត្ថភាពផ្ទាល់ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) ដែលជាក្រុមហ៊ុនវិនិយោគឈានមុខគេមួយនៅកម្ពុជា បង្កើតឡើងតាំង​ឆ្នាំ១៩៩១ បានប្រកាសតែងតាំង ឧកញ៉ា គិត ស៊ូឡា ជាអគ្គនាយករង ជាផ្លូវការ ចាប់ពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៦ តទៅ។

ក្រោយឃើញកូនច្បងទទួលបានការតែងតាំងមុខតំណែងជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុនបែបនេះ អ្នកឧកញ៉ា គិត ម៉េង នៅថ្ងៃទី២៧ ខែកក្កដា បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា ក្នុងដំណើរការដឹកនាំធុរកិច្ច មានពេលវេលាខ្លះគឺមានន័យពិសេសជាងថ្ងៃធម្មតា។ ថ្ងៃនេះគឺជាពេលវេលាមួយក្នុងចំណោមពេលវេលាទាំងនោះ។ ថ្ងៃនេះ លោកមានកិត្តិយសក្នុងការតែងតាំងកូនប្រុស គិត ស៊ូឡា ជាអគ្គនាយករងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។

អ្នកឧកញ៉ាបន្តថា ក្នុងនាមជាឪពុក លោកពិតជាមានមោទនភាពក្រៃលែង ប៉ុន្តែក្នុងឋានៈជាអគ្គនាយកក្រុមហ៊ុន ការតែងតាំងនេះផ្អែកលើទំនួលខុសត្រូវដ៏ធំរបស់លោក មិនមែនផ្អែកលើអារម្មណ៍ផ្ទាល់ខ្លួននោះទេ។ ការតែងតាំង​នេះសឲ្យឃើញពីទំនុកចិត្តដែលគាត់ទទួលបាន ដោយសារការប្តេជ្ញាចិត្ត ការប្រកាន់ខ្ជាប់វិន័យ និងឆន្ទៈរបស់គាត់​ក្នុងការបម្រើប្រយោជន៍ក្រុមហ៊ុនធំជាងប្រយោជន៍ផ្ទាល់ខ្លួន។

ភាពជាអ្នកដឹកនាំពិតប្រាកដមិនមែនកើតទ្បើងដោយសារទទួលបានតំណែង ឬមរតកនោះទេ។ ភាពជាអ្នកដឹកនាំ​ពិតប្រាកដត្រូវបានកសាងឡើងតាមរយៈបទពិសោធ ការរៀនសូត្រ ការស្តាប់យោបល់អ្នកដទៃ ការសម្រេចចិត្ត​លើបញ្ហាលំបាកៗ និងការទទួលខុសត្រូវចំពោះលទ្ធផលនៃការសម្រេចចិត្តរបស់ខ្លួន។

«ខ្ញុំបានឃើញភាពរីកចម្រើនរបស់ ស៊ូឡា មិនត្រឹមតែក្នុងនាមជាកូនប្រុសរបស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែក៏ក្នុងនាមជា​អ្នកដឹកនាំម្នាក់ដែលតែងតែប្រកួតប្រជែងជាមួយខ្លួនឯង ទទួលយកទំនួលខុសត្រូវថ្មីៗ និងផ្តល់អាទិភាពខ្ពស់​ចំពោះផលប្រយោជន៍របស់បុគ្គលិក និងធុរកិច្ចរបស់ក្រុមហ៊ុនជានិច្ច។ ការទទួលតំណែងថ្មីនេះមិនមែន​ជាការឈាន​ដល់គោលដៅចុងក្រោយនោះទេ ប៉ុន្តែជាការចាប់ផ្តើមនៃដំណាក់កាលថ្មី ដែលត្រូវមានទំនួលខុសត្រូវកាន់តែខ្ពស់ និងត្រូវបំពេញការងារកាន់តែច្រើន»។ អ្នកឧកញ៉ា បានបន្ថែម។

អ្នកឧកញ៉ា ក៏បានបង្ហាញពីទំនុកចិត្តយ៉ាងមុតមាំថា ស៊ូឡា នឹងដឹកនាំដោយភាពទន់ភ្លន់ សុចរិតភាព និងមានចក្ខុវិស័យច្បាស់លាស់ ហើយនឹងបន្តរួមគ្នាកសាងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ឲ្យកាន់តែមានវឌ្ឍនភាពរឹងមាំ​សម្រាប់មនុស្សជំនាន់ក្រោយទៀត។

អ្នកឧកញ៉ា គិត ម៉េង សូមអបអរសាទរ ស៊ូឡា ដែលស័ក្តិសមនឹងតំណែងនេះដោយសារការខិតខំប្រឹងប្រែង និងសមត្ថភាពរបស់ខ្លួន។ អ្នកឧកញ៉ា ក៏សូម​ឲ្យថ្នាក់ដឹកនាំ និងសហការីទាំងអស់ក្នុងក្រុមគ្រួសារ រ៉ូយ៉ាល់ គ្រុប បន្តគាំទ្រ និងសហការជាមួយ ស៊ូឡា ដើម្បីបន្តដំណើរទៅមុខជាមួយគ្នា ដោយមានចក្ខុវិស័យតែមួយ ក្រុមការងារ​តែមួយ និងការប្តេជ្ញាចិត្តរួមគ្នាមួយ ដើម្បីកសាងអនាគតកម្ពុជាឲ្យរឹងមាំ៕