អ្នកឧកញ៉ា គិត ម៉េង ប្រធាន និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប យល់ឃើញថា កូនប្រុសរបស់អ្នកឧកញ៉ា គឺឧកញ៉ា គិត ស៊ូឡា ពិតជាស័ក្តិសមទទួលបានតំណែងជា «អគ្គនាយករង» ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដោយសារកត្តាសំខាន់ៗដូចជា ការប្តេជ្ញាចិត្ត ការប្រកាន់ខ្ជាប់វិន័យ ឆន្ទៈ ការខិតខំប្រឹងប្រែង និងសមត្ថភាពផ្ទាល់ខ្លួន។

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) ដែលជាក្រុមហ៊ុនវិនិយោគឈានមុខគេមួយនៅកម្ពុជា បង្កើតឡើងតាំងឆ្នាំ១៩៩១ បានប្រកាសតែងតាំង ឧកញ៉ា គិត ស៊ូឡា ជាអគ្គនាយករង ជាផ្លូវការ ចាប់ពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៦ តទៅ។
ក្រោយឃើញកូនច្បងទទួលបានការតែងតាំងមុខតំណែងជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុនបែបនេះ អ្នកឧកញ៉ា គិត ម៉េង នៅថ្ងៃទី២៧ ខែកក្កដា បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា ក្នុងដំណើរការដឹកនាំធុរកិច្ច មានពេលវេលាខ្លះគឺមានន័យពិសេសជាងថ្ងៃធម្មតា។ ថ្ងៃនេះគឺជាពេលវេលាមួយក្នុងចំណោមពេលវេលាទាំងនោះ។ ថ្ងៃនេះ លោកមានកិត្តិយសក្នុងការតែងតាំងកូនប្រុស គិត ស៊ូឡា ជាអគ្គនាយករងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។
អ្នកឧកញ៉ាបន្តថា ក្នុងនាមជាឪពុក លោកពិតជាមានមោទនភាពក្រៃលែង ប៉ុន្តែក្នុងឋានៈជាអគ្គនាយកក្រុមហ៊ុន ការតែងតាំងនេះផ្អែកលើទំនួលខុសត្រូវដ៏ធំរបស់លោក មិនមែនផ្អែកលើអារម្មណ៍ផ្ទាល់ខ្លួននោះទេ។ ការតែងតាំងនេះសឲ្យឃើញពីទំនុកចិត្តដែលគាត់ទទួលបាន ដោយសារការប្តេជ្ញាចិត្ត ការប្រកាន់ខ្ជាប់វិន័យ និងឆន្ទៈរបស់គាត់ក្នុងការបម្រើប្រយោជន៍ក្រុមហ៊ុនធំជាងប្រយោជន៍ផ្ទាល់ខ្លួន។
ភាពជាអ្នកដឹកនាំពិតប្រាកដមិនមែនកើតទ្បើងដោយសារទទួលបានតំណែង ឬមរតកនោះទេ។ ភាពជាអ្នកដឹកនាំពិតប្រាកដត្រូវបានកសាងឡើងតាមរយៈបទពិសោធ ការរៀនសូត្រ ការស្តាប់យោបល់អ្នកដទៃ ការសម្រេចចិត្តលើបញ្ហាលំបាកៗ និងការទទួលខុសត្រូវចំពោះលទ្ធផលនៃការសម្រេចចិត្តរបស់ខ្លួន។
«ខ្ញុំបានឃើញភាពរីកចម្រើនរបស់ ស៊ូឡា មិនត្រឹមតែក្នុងនាមជាកូនប្រុសរបស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែក៏ក្នុងនាមជាអ្នកដឹកនាំម្នាក់ដែលតែងតែប្រកួតប្រជែងជាមួយខ្លួនឯង ទទួលយកទំនួលខុសត្រូវថ្មីៗ និងផ្តល់អាទិភាពខ្ពស់ចំពោះផលប្រយោជន៍របស់បុគ្គលិក និងធុរកិច្ចរបស់ក្រុមហ៊ុនជានិច្ច។ ការទទួលតំណែងថ្មីនេះមិនមែនជាការឈានដល់គោលដៅចុងក្រោយនោះទេ ប៉ុន្តែជាការចាប់ផ្តើមនៃដំណាក់កាលថ្មី ដែលត្រូវមានទំនួលខុសត្រូវកាន់តែខ្ពស់ និងត្រូវបំពេញការងារកាន់តែច្រើន»។ អ្នកឧកញ៉ា បានបន្ថែម។
អ្នកឧកញ៉ា ក៏បានបង្ហាញពីទំនុកចិត្តយ៉ាងមុតមាំថា ស៊ូឡា នឹងដឹកនាំដោយភាពទន់ភ្លន់ សុចរិតភាព និងមានចក្ខុវិស័យច្បាស់លាស់ ហើយនឹងបន្តរួមគ្នាកសាងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ឲ្យកាន់តែមានវឌ្ឍនភាពរឹងមាំសម្រាប់មនុស្សជំនាន់ក្រោយទៀត។
អ្នកឧកញ៉ា គិត ម៉េង សូមអបអរសាទរ ស៊ូឡា ដែលស័ក្តិសមនឹងតំណែងនេះដោយសារការខិតខំប្រឹងប្រែង និងសមត្ថភាពរបស់ខ្លួន។ អ្នកឧកញ៉ា ក៏សូមឲ្យថ្នាក់ដឹកនាំ និងសហការីទាំងអស់ក្នុងក្រុមគ្រួសារ រ៉ូយ៉ាល់ គ្រុប បន្តគាំទ្រ និងសហការជាមួយ ស៊ូឡា ដើម្បីបន្តដំណើរទៅមុខជាមួយគ្នា ដោយមានចក្ខុវិស័យតែមួយ ក្រុមការងារតែមួយ និងការប្តេជ្ញាចិត្តរួមគ្នាមួយ ដើម្បីកសាងអនាគតកម្ពុជាឲ្យរឹងមាំ៕






