សមាគមវារីវប្បករនៅកម្ពុជាបានរៀបចំទស្សនកិច្ចសិក្សាស្តីពីពិពិធកម្មវារីវប្បកម្មដើម្បីឆ្លើយតបតាមស្មារតីនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន ពីថ្ងៃទី២២ ដល់២៤ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងនោះ មានវារីវប្បករចំនួន២០រូប មកពីខេត្តបាត់ដំបងនិងបន្ទាយមានជ័យ បានចូលរួមធ្វើទស្សនកិច្ចសិក្សានៅក្នុងខេត្តសៀមរាប។

វារីវប្បករចំនួន២០រូប បានចុះសិក្សាផ្ទាល់ ដោយក្នុងនោះរួមមាន៖ ១. សិប្បកម្មកែច្នៃត្រី សំណាងសុធា ដើម្បីផ្សារភ្ជាប់ការផ្គត់ផ្គង់ពីកសិដ្ឋានវារីវប្បកម្មល្អមកកាន់សហគ្រាសកែច្នៃដែលមាននិមិត្តសញ្ញាបញ្ជាក់គុណភាព។ ២. ហុងអេកូហ្វាម ដែលប្រើប្រាស់ចំណីគ្រាប់សុទ្ធ១០០% ដើម្បីឈ្វេងយល់ពីការអនុវត្តកសិម្មចម្រុះ រួមានត្រី បន្លែ និងមាន់។ ៣. កសិដ្ឋានផលិតពូជកង្កែប ឡាច ហាន ដើម្បីសិក្សាពីខ្សែច្រវាក់តម្លៃកង្កែប។
៤. កសិដ្ឋានចិញ្ចឹមត្រី រុនតាឯកដែលប្រើប្រាស់ចំណីគ្រាប់សុទ្ធ១០០% ដើម្បីរៀនសូត្រពីការអនុវត្តវារីវប្បកម្មល្អដែលទទួលជោគជ័យក្នុងការក្តោបក្តាប់ទីផ្សារ។ និង៥. កសិដ្ឋានរដ្ឋាដា ដើម្បីផ្សារភ្ជាប់ការផ្គត់ផ្គង់កូនត្រីទីឡាព្យាឈ្មោលសុទ្ធពីកសិដ្ឋានដែលទទួលបានវិញ្ញាបនបត្រអនុវត្តវារីវប្បកម្មល្អ។

ជាមួយគ្នានោះផងដែរ ម្ចាស់សិប្បកម្មនិងកសិដ្ឋានទាំង៥ខាងលើក៏បានចែករំលែកចំណេះ ព័ត៌មាន បទពិសោធន៍ និងផ្សារភ្ជាប់បណ្តាញវារីវប្បកម្ម ដល់វារីវប្បករមកពីខេត្តបាត់ដំបង និងបន្ទាយមានជ័យបន្ថែមទៀតផងដែរ៕



