ស្ថាបនិកក្រុមហ៊ុន AI និងបន្ទះឈីបចិន កើបលុយបានរាប់ពាន់លានដុល្លារ ជុំវិញការបោះផ្សាយលក់ IPO ថ្មីៗ

អន្តរជាតិ

ស្ថាបនិកនៃក្រុមហ៊ុន AI និងក្រុមហ៊ុនបន្ទះឈីប Semiconductor ដែលជាជនជាតិចិន បានបន្ថែមលុយរាប់ពាន់លានដុល្លារអាមេរិកទៅក្នុងទ្រព្យសម្បត្តិសរុបរបស់ពួកគេ បន្ទាប់ពីការបង្ហាញខ្លួនលើកដំបូងនៅក្នុងទីផ្សារភាគហ៊ុនដែលជំរុញដោយការរីកចម្រើនខ្លាំងនៃវិស័យបច្ចេកវិទ្យាជំនាន់ថ្មី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរបាយការណ៍ពី ​​South China Morning Post បានបង្ហាញឲ្យដឹងថា ក្រុមហ៊ុនបន្ទះឈីប ChangXin Memory Technologies (CXMT) ទទួលបានប្រាក់ចំណេញច្រើនបំផុត បន្ទាប់ពីការកើនឡើងនៃភាគហ៊ុន ៤៦៦% នៅក្នុងការបង្ហាញខ្លួនលើកដំបូងរបស់ពួកគេ ក្នុងទីផ្សារហ៊ុនទីក្រុងសៀងហៃកាលពីថ្ងៃចន្ទ។

ជុំវិញការកើនឡើងនេះបានបន្ថែមលុយប្រមានជាង ១២ពាន់លានដុល្លារ ទៅក្នុងទ្រព្យសម្បត្តិសរុបរបស់លោក Zhu Yiming ដែលជាប្រធានក្រុមហ៊ុន CXMT។ យោងតាម Forbes បច្ចុប្បន្ននេះ លោក Zhu មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥,៩ពាន់លានដុល្លារ។

ទន្ទឹមនឹងនេះ លោក Tang Jie ដែលជាស្ថាបនិក និងជាប្រធានផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន AI ខ្នាតយក្សរបស់ចិន Z.ai ដែលពីមុនត្រូវបានគេស្គាល់ថា Zhipu ឥឡូវនេះ មានទ្រព្យសម្បត្តិប៉ាន់ស្មានសរុបចំនួន ៤,៦ពាន់លានដុល្លារ បន្ទាប់ពីការចុះបញ្ជីនៅទីផ្សារហ៊ុនហុងកុងរបស់ក្រុមហ៊ុនលោក កាលពីដើមឆ្នាំនេះ។

ដោយឡែក លោក Yan Junjie ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនបញ្ញាសិប្បនិម្មិតចាប់ផ្តើមថ្មី MiniMax បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបជាង ២,៣ពាន់លានដុល្លារ បន្ទាប់ពីការបង្ហាញខ្លួនលើកដំបូងរបស់ក្រុមហ៊ុននៅទីផ្សារហុងកុងក្នុងខែមករា និងបានជំរុញឲ្យលោកក្លាយជាមហាសេដ្ឋីជាលើកដំបូងផងដែរ៕​