នៅរសៀលថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាបានដឹកនាំសមាជិក-សមាជិកា យកថវិកាបរិច្ចាគ ឧបត្ថម្ភជូន មូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ ដែលជាគំនិតផ្តួចផ្តើមដ៏មានអត្ថន័យ និងពោរពេញដោយស្មារតីសប្បុរសធម៌ ដែល លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។ ពិធីនេះទទួលស្វាគមន៍ដោយឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រត្តិបត្តនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងលោកសាស្រ្តាចារ្យ គី សន់ទី ប្រធានមន្ទីពេទ្យគន្ធបុប្ផា និងក្រុមគ្រូពេទ្យផងដែរ។

លោកអ្នកឧកញ៉ា លី ហួរ បានមានប្រសាសន៍ថា មន្ទីរពេទ្យគន្ធបុប្ផា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសង្គ្រោះអាយុជីវិត និងថែទាំសុខភាពកុមារកម្ពុជា រាប់លាននាក់អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដូច្នេះការចូលរួមរបស់យើងម្នាក់ បន្តិចៗ នឹងក្លាយជាកម្លាំងដ៏ធំមួយ ដើម្បីធានាថា មន្ទីរពេទ្យនៅតែអាចបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមនេះបាន។ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» បានបង្ហាញឱ្យឃើញថា ការចែករំលែកមិនស្ថិតនៅលើទំហំទឹកប្រាក់នោះទេ ប៉ុន្តែស្ថិតនៅលើទឹកចិត្ត និងការចូលរួមរបស់មនុស្សគ្រប់រូប ក្នុងនោះផងដែរសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាក៏បានចូលរួមយ៉ាងសកម្មជាមួយមន្ទីរពេទ្យ និងរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយ និងកៀរគរសមាជិករបស់ខ្លួនដើម្បីចូលរួមគាំទ្រ និងឧបត្ថម្ភក្នុងបេសកកម្មដ៍មានអត្ថន័យ និងសារៈសំខាន់មួយ។
ជាក់ស្តែង នេះជាលើកទី៣ ហើយដែលសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានចូលរួមកៀរគរ និងប្រគល់ថវិកាបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដោយ៖
– លើកទី១ បានបរិច្ចាគថវិកាចំនួន ៥៩ ៩៩៩ ដុល្លារអាម៉េរិក កាលពីឆ្នាំ២០២៤
– លើកទី២ បានបរិច្ចាគថវិកាចំនួន ១០០ ០០០ ដុល្លារអាម៉េរិក កាលពីឆ្នាំ២០២៥
– លើកទី៣ នៅឆ្នាំ២០២៦ នេះបរិច្ចាគថវិកាចំនួន ៥០ ៩៩៩.៩៩ ដុល្លារអាម៉េរិក។
បន្ថែមលើនេះ លោកអ្នកឧកញ៉ា លី ហួរ ក៏ជាសមាជិកស្ថាបនិក ១រូប ក្នុងចំណោមសមាជិកស្ថាបនិកទាំង ១៣៣ រូប របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយលោកអ្នកឧកញ៉ា លី ហួរ បានបរិច្ចាគថវិកាចំនួន ៥០ ០០០ដុល្លារអាម៉េរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងអំឡុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ “មូលនិធិគន្ធបុប្ផាកម្ពុជា” កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សហប្រធានស្ថាបនិកនៃមូលនិធិគន្ធបុប្ផាកម្ពុជា។
ក្នុងឱកាសនេះផងដែរ លោកជំទាវអ្នកឧកញ៉ា ចាន់ សុទ្ធា ទីប្រឹក្សាជាន់ខ្ពស់ សមាគម និងជាអគ្គនាយិកា ក្រុមហ៊ុន សេនជូរី គ្រុប បានឧបត្ថមបន្ថែមនូវ គ្រែសម្រាកព្យាបាលចំនួន ២០០គ្រែ និងគ្រែសង្គ្រោះបន្ទាន់កុមារចំនួន ៥គ្រែ ក្នុងគ្រែមួយមានតម្លៃ ២០០០ដុល្លារ និងឯកឧត្តម សាស្រ្តាចារ្យ ទូស សាភឿន សមាជិកសមាគម និងជាប្រធានក្រុមប្រឹក្សាភិបាល ខេមបូឌាន អង្គរ លែន ប្រផឹធី អេន មេនេច ម៉ិន ឯ.ក បានចូលរួមឧបត្ថមគ្រែសង្គ្រោះបន្ទាន់កុមារចំនួន ៥គ្រែ ក្នុងមួយគ្រែមានតម្លៃ ២០០០ ដុល្លារ៕









