«ក្រូចពោធិ៍សាត់» ត្រៀមក្លាយជាម៉ាកសមូហភាពថ្មីនាពេលឆាប់ៗខាងមុខ ដើម្បីពង្រឹងការប្រកួតប្រជែង និងពង្រីកទីផ្សារផលិតផលកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្ម តាមរយៈនាយកដ្ឋានកម្មសិទ្ធិបញ្ញា នឹងបន្តផ្តល់ការគាំទ្រផ្នែកបច្ចេកទេស សហការជាមួយដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការចុះបញ្ជី ម៉ាកសមូហភាព «ក្រូចពោធិ៍សាត់» ឱ្យសម្រេចបាននាពេលឆាប់ៗខាងមុខ សំដៅបង្កើនតម្លៃបន្ថែម ពង្រឹងការប្រកួតប្រជែង និងពង្រីកទីផ្សារផលិតផលកម្ពុជាប្រកបដោយចីរភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមរយៈមហាសន្និបាតកំណើតដំបូងសហគមន៍ផលិតករ និងអាជីវករក្រូចពោធិ៍សាត់ (ស.ផ.អ.ក.) បានបើកកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី លោក កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់, អគ្គនាយករងសេវាពាណិជ្ជកម្ម, ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា ថ្នាក់ដឹកនាំមន្ទីរជំនាញ អាជ្ញាធរមូលដ្ឋាន និងផលិតករ ព្រមទាំងអាជីវករក្រូចពោធិ៍សាត់ជាច្រើនរូបទៀត។


មហាសន្និបាតនេះ រៀបចំឡើងក្នុងគោលបំណងបង្កើតយន្តការគ្រប់គ្រងសហគមន៍ប្រកបដោយប្រសិទ្ធភាព តាមរយៈការពិនិត្យ និងអនុម័តលើលក្ខន្តិកៈសហគមន៍ ពិនិត្យ និងអនុម័តបទបញ្ជារួមស្តីពីការគ្រប់គ្រងការប្រើប្រាស់ ម៉ាកសមូហភាព «ក្រូចពោធិ៍សាត់» និងបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសហគមន៍ ដើម្បីជំរុញការអភិវឌ្ឍផលិតកម្ម ការរក្សាគុណភាព និងការកសាងកេរ្តិ៍ឈ្មោះផលិតផលឱ្យកាន់តែមានភាពប្រកួតប្រជែង។

អង្គមហាសន្និបាតបានអនុម័តជាឯកច្ឆន្ទលើ៖ លក្ខន្តិកៈសហគមន៍ផលិតករ និងអាជីវករក្រូចពោធិ៍សាត់ និងបទបញ្ជារួមស្តីពីការគ្រប់គ្រងការប្រើប្រាស់ម៉ាកសមូហភាព «ក្រូចពោធិ៍សាត់» ដែលកំណត់អំពីស្តង់ដារផលិតកម្ម បច្ចេកទេសដាំដុះ លក្ខខណ្ឌនៃការប្រើប្រាស់ម៉ាកសមូហភាព និងប្រព័ន្ធត្រួតពិនិត្យគុណភាព ដើម្បីធានាអត្តសញ្ញាណ និងស្តង់ដារផលិតផល ព្រមទាំងបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសហគមន៍ រួមមាន ប្រធានសហគមន៍ ១រូប អនុប្រធាន ២រូប សមាជិកគណៈកម្មការប្រតិបត្តិ ៧រូប និងទីប្រឹក្សា ៤រូប ដែលមានបទពិសោធន៍ និងជំនាញក្នុងវិស័យដាំដុះ និងធុរកិច្ចក្រូច។

លោក កឹម សុខុន បានលើកទឹកចិត្តដល់សហគមន៍ឱ្យបន្តពង្រឹងការគ្រប់គ្រងសហគមន៍ អភិវឌ្ឍសមត្ថភាពសមាជិក លើកកម្ពស់គុណភាពផលិតផល និងថែរក្សាកេរ្តិ៍ឈ្មោះ «ក្រូចពោធិ៍សាត់» ដែលជាផលិតផលមានសក្តានុពល និងមានភាពល្បីល្បាញរបស់ខេត្តពោធិ៍សាត់៕