ធនាគារកណ្តាលសហរដ្ឋអាមេរិក (Fed) បានសម្រេចរក្សាអត្រាការប្រាក់ឱ្យនៅដដែលជាលើកទីប្រាំជាប់ៗគ្នា ដូចដែលទីផ្សារបានព្យាករពិតប្រាកដមែន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅថ្ងៃទី២៩ ខែកក្កដា បន្ទាប់ពីកិច្ចប្រជុំគោលនយោបាយរយៈពេលពីរថ្ងៃ ធនាគារកណ្តាលសហរដ្ឋអាមេរិកបានសម្រេចចិត្តរក្សាអត្រាការប្រាក់គោលរបស់ខ្លួនឱ្យនៅដដែល ចន្លោះពី ៣,៥-៣,៧៥%។ អត្រានេះគឺស្រដៀងគ្នាទៅនឹងកិច្ចប្រជុំចំនួនបួនលើកមុនៗផងដែរ នៅឆ្នាំនេះ។
នេះជាលើកទីពីរហើយដែលប្រធាន Fed លោក Kevin Warsh បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំគោលនយោបាយរបស់ធនាគារកណ្តាលសហរដ្ឋអាមេរិក ហើយការប្រកាសជាបន្តបន្ទាប់គឺមានភាពសង្ខេបជាងមុន។
យ៉ាងណាមិញ នៅក្នុងការវាយតម្លៃរបស់ខ្លួន ធនាគារកណ្តាលសហរដ្ឋអាមេរិក បានបញ្ជាក់ថាសេដ្ឋកិច្ចអាមេរិកកំពុងរីកចម្រើនក្នុងល្បឿនរឹងមាំ ទោះបីជាភាពមិនប្រាកដប្រជានៅតែខ្ពស់ក៏ដោយ ដែលមួយផ្នែកកើតឡើងដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា។ ចំពោះកំណើនផលិតភាព និងការវិនិយោគមូលធនក៏នៅតែរឹងមាំ ខណៈភាពអត់ការងារធ្វើមិនមានការផ្លាស់ប្តូរ ហើយសេដ្ឋកិច្ចបន្តបង្កើតការងារថ្មីៗជាបន្តបន្ទាប់។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ Fed ក៏បានកត់សម្គាល់ផងដែរថា អតិផរណានៅតែមានកម្រិតខ្ពស់ជាងគោលដៅ ២% ដែលមួយផ្នែកដោយសារតែការប៉ះទង្គិចនៃការផ្គត់ផ្គង់ដែលជំរុញឱ្យតម្លៃកើនឡើងនៅក្នុងវិស័យជាច្រើន រួមទាំងថាមពលផងដែរ។ ដូច្នេះ ធនាគារកណ្តាលសហរដ្ឋអាមេរិកប្តេជ្ញាបន្តធ្វើឱ្យតម្លៃមានស្ថេរភាព ជាជាងការផ្លាស់ប្តូរអត្រាការប្រាក់របស់ខ្លួន៕

