សិង្ហបុរី ដាក់ដេញថ្លៃរថយន្តប្រណីតៗចំនួន ៤៧ គ្រឿងដែលរឹបអូសបានក្នុងករណីលាងលុយកខ្វក់ទ្រង់ទ្រាយធំ

អន្តរជាតិ

រថយន្តប្រណីតៗចំនួន ៤៧គ្រឿង រួមទាំងរថយន្ត Rolls-Royces ចំនួន ១១ គ្រឿង ដែលរឹបអូសបានក្នុងករណីលាងលុយកខ្វក់ដ៏ធំបំផុតមិនធ្លាប់មានចំនួន ៣ពាន់លានដុល្លារសិង្ហបុរី ឬស្មើប្រមាណ ២,៣ពាន់លានដុល្លារ របស់ប្រទេសសិង្ហបុរី ត្រូវបានយកទៅដាក់ដេញថ្លៃលក់។ នេះបើមតាការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រថយន្តដែលរឹបអូសទាំងនេះកំពុងត្រូវបានដាក់ដេញថ្លៃតាមរយៈ Sgcarmart Quotz ដែលជាវេទិកាដេញថ្លៃតាមអ៊ីនធឺណិតសម្រាប់អ្នកចែកចាយរថយន្តប្រើរួច និងក្រុមហ៊ុនចុះបញ្ជី។ នេះបើយោងតាមការចុះផ្សាយរបស់ The Straits Times។

ការប្រមូលនេះរួមមានរថយន្ត Rolls-Royce យ៉ាងហោចណាស់ ១១ គ្រឿង រថយន្ត limousine Bentley Flying Spur ចំនួនពីរគ្រឿង រថយន្តទំនើប Ferrari និង McLaren និងរថយន្តលំដាប់ខ្ពស់ៗចំនួន ២៤ គ្រឿងផ្សេងទៀតដូចជា Toyota Alphard និង Toyota Vellfire ផងដែរ។

ជុំវិញការដេញថ្លៃនេះ ក៏រួមបញ្ចូលទាំងរថយន្តប្រណីតៗ ដែលជាប់ទាក់ទងជាមួយនឹងជនសង្ស័យមួយចំនួនក្នុងចំណោមជនសង្ស័យសរុបទាំង១៧ នាក់ ដែលបានរត់គេចខ្លួនពីប្រទេសសិង្ហបុរី មុនពេលពួកគេត្រូវបានចាប់ខ្លួនវិញ។ ហើយក្រោយមកជនសង្ស័យចំនួន ១៥ នាក់ បានយល់ព្រមប្រគល់ទ្រព្យសម្បត្តិដែលមានតម្លៃប្រហែល ១,៨៥ពាន់លានដុល្លារសិង្ហបុរី មកកាន់រដ្ឋាភិបាល។

គួរឲ្យដឹងផងដែរថា គិតត្រឹមខែមករា ឆ្នាំ២០២៤ អាជ្ញាធរសិង្ហបុរីបានរឹបអូសទ្រព្យសម្បត្តិសរុប ដែលរួមមានរថយន្តចំនួន ៧៧ គ្រឿង គណនីធនាគារជាងមានទឹកប្រាក់ជាង ១,៤៥ពាន់លានដុល្លារសិង្ហបុរី និងសាច់ប្រាក់សុទ្ធជាង ៧៦លានដុល្លារសិង្ហបុរី ជារូបិយប័ណ្ណរបស់ប្រទេសផ្សេងៗច្រើនដែលភ្ជាប់ទៅនឹងបណ្តាញឧក្រិដ្ឋជន។

ជម្រាបជូនផងដែរថា អ្នកនាំពាក្យ​របស់​ប៉ូលិស​សិង្ហបុរី​បាន​និយាយ​ថា ការថែរក្សា និង​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​ដែល​រឹបអូស​បានទាំងនេះ ត្រូវចំណាយ​អស់ ២,៦៥លាន​ដុល្លារ​សិង្ហបុរី​ក្នុង​អំឡុង​ឆ្នាំ​ហិរញ្ញវត្ថុ ២០២៣ និង ២០២៤៕