វៀតណាម នាំមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ពាក់ព័ន្ធទៅនឹងការលក់រថយន្តអគ្គិសនី (BEV) នៅក្នុងឆមាសទី១ នៃឆ្នាំនេះ ជាមួយចំនួនសរុប ១១៥ ៩៨៦ គ្រឿង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ចំនួននេះ គឺតំណាងឱ្យការកើនឡើង ៧១% បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ការប្រើប្រាស់រថយន្ត BEV របស់វៀតណាម មានចំនួន ៣៥,៣% នៃយានយន្តថ្មីទាំងអស់ ដែលជាចំណែកខ្ពស់បំផុតនៅក្នុងទីផ្សាររថយន្តធំៗទាំងបួនរបស់អាស៊ីអាគ្នេយ៍ រួមមានឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃ។
គួរឲ្យដឹងផងដែរថា VinFast ដែលជាម៉ាកយីហោរថយន្តលក់ដាច់បំផុតរបស់វៀតណាម បានរួមចំណែកនៃចំនួនស្ទើរតែទាំងអស់នៃការប្រើប្រាស់រថយន្ត BEV សរុបរបស់ប្រទេស។
យ៉ាងណាមិញ ប្រទេសថៃ ដើរតាមវៀតណាមយ៉ាងប្រកៀកក្នុងការលក់រថយន្ត BEV ដោយមានចំនួនសរុប ១០៤ ៤១៨ គ្រឿង។ ប៉ុន្តែប្រទេសនេះមានកំណើនលក់លឿនបំផុត បើធៀបទៅនឹងទីផ្សាររថយន្តធំៗរបស់អាស៊ានទាំង៤ ដែលមានដល់ទៅ ៩០% ឯណោះ។
គួរជម្រាបជូនផងដែរថា ប្រទេសឥណ្ឌូណេស៊ីនៅតែជាទីផ្សាររថយន្តធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ ប៉ុន្តែចំពោះការលក់រថយន្ត BEV មានចំនួនត្រឹមតែ ១៦% ប៉ុណ្ណោះនៃការលក់រថយន្តថ្មីៗរបស់ខ្លួននៅក្នុងឆមាសទីមួយ៕

