មហាសេដ្ឋីមានដាច់គេរបស់ពិភពលោក Elon Musk ត្រូវបានគេរាយការណ៍ការមានគម្រោងចូលរួមចំណែកយ៉ាងសំខាន់ដល់គណបក្សសាធារណរដ្ឋ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនាពេលខាងមុខ តាមរយៈមូលនិធិ Super PAC ដែលធ្លាក់ជាកម្លាំងជំរុញដ៏សំខាន់ដែលជួយឲ្យលោក ដូណាល់ ត្រាំ ឈ្នះឆ្នោតជាប្រធានាធិបតីអាមេរិកនាពេលកន្លងទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Fortune។

យោងតាមប្រភពពី Axion ក៏បានរាយការណ៍ផងដែរថា លោក Musk នឹងបានចាប់ផ្តើមដំណើរការឡើងវិញនូវគណៈកម្មាធិការសកម្មភាពនយោបាយ super PAC របស់អាមេរិក ឬហៅកាត់ថា Super PAC ដើម្បីលើកទឹកចិត្តអ្នកបោះឆ្នោតរបស់បក្សសាធារណរដ្ឋឱ្យចូលរួមក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ នាខែវិច្ឆិកាខាងមុខ។
យ៉ាងណាមិញ America PAC នឹងផ្តោតលើយុទ្ធនាការពីផ្ទះមួយទៅផ្ទះមួយ ការផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិត និងផ្ញើសារដោយផ្ទាល់ ដើម្បីលើកទឹកចិត្តអ្នកកាន់សន្លឹកឆ្នោត ឲ្យចូលរួមបោះឆ្នោត។
រំឮកផងដែរថា កាលពីឆ្នាំ២០២៤ កន្លងទៅ Super PAC នេះបានចំណាយទឹកប្រាក់អស់ជាង ២៦០លានដុល្លារក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ក្នុងឆ្នាំ២០២៤ ដែលវាបានក្លាយជាការរួមចំណែកដ៏សំខាន់ដើម្បីជួយដល់ជ័យជម្នះរបស់លោក ត្រាំ នាពេលនោះ។
បើតាមអ្នកតំណាងរបស់លោក Musk ហាក់មិនបានបង្ហាញអំពីចំនួនទឹកប្រាក់សម្រាប់យុទ្ធនាការបោះឆ្នោតពាក់កណ្តាលអាណត្តិនេះនៅឡើយទេ ប៉ុន្តែបើតាម Axios បានបង្ហាញថាទឹកប្រាក់នឹងមិនតិចនោះឡើយ ដែលនឹងត្រូវចាក់បញ្ចូលសម្រាប់គាំទ្រដល់គណបក្សសាធារណរដ្ឋ។
គួរជម្រាបជូនថា លោក Musk បច្ចុប្បន្នគឺជាអ្នកបរិច្ចាគបុគ្គលធំជាងគេបំផុតដែលបានចាយលុយជាង ៩០លានដុល្លារ រួមទាំងការបរិច្ចាគរាប់លានដុល្លារផ្សេងទៀត ដល់យុទ្ធនាការអភិបាលរដ្ឋ Ohio របស់លោក Vivek Ramaswamy និងយុទ្ធនាការបោះឆ្នោតឡើងវិញរបស់អភិបាលរដ្ឋ Texas លោក Greg Abbott ផងដែរ៕

