ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិន និងរុស្ស៊ី បន្តកើនឡើងដល់ជាង ២០០ពាន់លានដុល្លារ

អន្តរជាតិ

ទំហំពាណិជ្ជកម្មរវាងប្រទេសចិន និងរុស្ស៊ី បានកើនឡើងដល់ ២១៨,២ពាន់លានដុល្លារ គិតត្រឹម ១១ខែដំបូងឆ្នាំនេះ ខណ:ពេលដែលប្រទេសទាំងពីរបន្តពឹងផ្នែកលើគ្នាទៅវិញទៅមកកាន់តែខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើយោងតាមទិន្នន័យរបស់រដ្ឋបាលគយរបស់ប្រទេសចិន បានបង្ហាញឲ្យដឹងថា តម្លៃពាណិជ្ជកម្មទ្វេភាគីត្រឹមតែរយៈពេល ១១ខែដំបូងឆ្នាំនេះ គឺបានលើសពីចំនួនសរុបសម្រាប់ឆ្នាំ ២០២២ ទាំងមូលរួចទៅហើយ ដែលនេះបានធ្វើឲ្យឆ្នាំ ២០២៣ នេះក្លាយជាកំណត់ត្រាខ្ពស់ថ្មីមួយសម្រាប់ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។

គួរឲ្យដឹងថាចិន បានក្លាយជាដៃគូសេដ្ឋកិច្ចដ៏សំខាន់បំផុត សម្រាប់ប្រទេសរុស្ស៊ី ពោលគឺចាប់តាំងពីពេលដែលរដ្ឋាភិបាលទីក្រុងម៉ូស្គូ បានក្លាយជាគោលដៅនៃការដាក់ទណ្ឌកម្មពីសំណាក់ប្រទេសលោកខាងកិច្ច ជុំវិញការលុកលុយទៅលើប្រទេសអ៊ុយក្រែន ដែលកំពុងបន្ត។

នៅក្នុងខែវិច្ឆិកាតែមួយ តម្លៃពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ បានកើនឡើងដល់ ២១,៥ពាន់លានដុល្លារ ដែលជាចំនួនខ្ពស់បំផុត គិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ មក នៅពេលដែលសង្រ្គាមនៅអ៊ុយក្រែនបានចាប់ផ្តើម។

ជម្រាបជូនផងដែរថា ការនាំចេញរបស់ចិនទៅកាន់ប្រទេសរុស្ស៊ីបានកើនឡើង ៣៤% ដល់តម្លៃ ១០,៣ពាន់លានដុល្លារក្នុងខែវិច្ឆិកា ខណ:ពេលដែលការនាំចូលពីរុស្ស៊ីមកកាន់ប្រទេសចិនវិញ បានកើនឡើង ៦% ដល់ចំនួន ១១,២ពាន់លានដុល្លារ៕