ឧបនាយករដ្ឋមន្រ្តី ស សុខា ស្នើសុំសម្តេចធិបតីនាយករដ្ឋមន្ត្រី រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦តទៅ

សង្គម​ និង​សេដ្ឋកិច្ច

ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ បានចេញលិខិត​ស្នើសុំសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ឱ្យអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦តទៅ។ ការស្នើនេះធ្វើឡើងបន្ទាប់ពីការផ្អាកអនុវត្តមួយរយៈ ដោយសារ​ស្ថានការណ៍​សង្គ្រាមតាមព្រំដែន និងវិបត្តិសេដ្ឋកិច្ចសកលដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈឹមបូព៌ា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសំណើរបស់ឧបនាយករដ្ឋមន្រ្តី ស សុខា ការរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនេះ នឹងផ្តោត​ជាសំខាន់លើភូមិសាស្ត្រដែលមានគ្រោះថ្នាក់ច្រើន រួមមាន៖ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង។ គោលដៅសំខាន់គឺផ្តោតលើអំពើល្មើសដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ រួមមាន ការបើកបរលើសល្បឿនកំណត់ ការបើកបរក្នុងស្ថានភាពស្រវឹង ការមិនគោរពសញ្ញាសិទ្ធិអាទិភាព និងភ្លើងស្ដុប ព្រមទាំងការដឹកជញ្ជូនទំនិញសំពីងសំពោងខុសបច្ចេកទេស។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់អំពីហេតុផលនៃការស្នើនេះថា គ្រោះថ្នាក់ចរាចរណ៍បានកើនឡើងគួរ​ឲ្យព្រួយបារម្ភ ក្រោយពីការផ្អាកការរឹតបន្តឹងច្បាប់កន្លងមក។ យោងតាមរបាយការណ៍ ក្នុងឱកាសផ្អាកការរឹតបន្តឹង​អនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកក្នុងឆមាសទី១ ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស បាន​កើន​ឡើងគួរឱ្យកត់សម្គាល់ ដោយកើនឡើង ២១៣ លើក ស្មើ ២០% បើធៀបនឹងរយៈពេលដូចគ្នា​កាលឆ្នាំ២០២៥៕