កម្ពុជា-បារាំង បានប្តេជ្ញាថា នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងការលើកកម្ពស់ការស្រាវជ្រាវឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។នេះបើយោងតាមជំនួបពិភាក្សារវាងលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយលោក ផ្លរ៉េន ទីវ៉េត (Florent Tivet) ទីប្រឹក្សាបច្ចេកទេសរបស់មជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មបារាំង សម្រាប់អភិវឌ្ឍន៍អន្តរជាតិ (CIRAD) នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។

នាឱកាសនោះ លោក ផ្លរ៉េន ទីវ៉េត បានបង្ហាញក្តីរីករាយចំពោះភាពរីកចម្រើនឥតឈប់ឈរនៃកិច្ចសហប្រតិបត្តិការ ទំនាក់ទំនង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់ការគាំទ្រសហការយ៉ាងពេញលេញ និងបង្កលក្ខណៈងាយស្រួលឱ្យបេសកកម្មរបស់លោកបណ្ឌិតទទួលបានជោគជ័យ និងសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន និងកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្ម ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។
ជាមួយគ្នានេះ លោក ឌិត ទីណា បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់ លោកបណ្ឌិត នូវក្នុងការខិតខំប្រឹងប្រែងក្នុងវិស័យកសិកម្ម ប្រកបដោយលទ្ធផលផ្លែផ្កា និងជំរុញលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង សំដៅកសាងទំនុកចិត្ត និងទំនាក់ទំនងជាមួយគ្នា ជាពិសេសការគាំទ្រនូវការស្រាវជ្រាវក្នុងវិស័យកសិកម្មកម្ពុជា ផងដែរ។
សូមជម្រាបដែរថា តាមរយៈជំនួបពិភាក្សាខាងលើលោករដ្ឋមន្រ្តី ឌិត ទីណា និងលោកបណ្ឌិត ផ្លរ៉េន ទីវ៉េត ក៏បានផ្លាស់ប្ដូរយោបល់គ្នាលើការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ការអភិវឌ្ឍន៍ធនធានមនុស្ស ការធ្វើទំនើបកម្មកសិកម្ម និងការលើកកម្ពស់ការស្រាវជ្រាវ តាមរយៈបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជាដ៏មានសារៈសំខាន់ នាពេលបច្ចុប្បន្ន និងពេលអនាគត៕អត្ថបទ៖ហ្សាលីន


