ភ្នំពេញ៖ ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានគម្រោងវិនិយោគរោងចក្រថ្មីចំនួន ២១កន្លែង ។បើគិតជាទំហំទឹកប្រាក់ មានជាង ៦៩លានដុល្លារអាមេរិក។នេះបើតាមការឱ្យដឹងរបស់លោក ញ៉ែម ស្រស់ អភិបាលរងខេត្ត និងជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តតាកែវ ។

លោកអភិបាលរងខេត្តបានលើកឡើងដូច្នេះក្នុងកិច្ចប្រជុំពិភាក្សាលើសំណើសុំនាំចូលដោយពន្ធគយ និងអាករតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋនូវ គ្រឿង ម៉ាស៊ីនសម្ភារ បរិក្ខាវត្ថុធាតុដើម និងវត្ថុធាតុដើមផ្សំ សម្រាប់បម្រើការងាររោងចក្រ នៅខេត្តតាកែវនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ។
លោក ញ៉ែម ស្រស់ បានបន្តថា ការវិនិយោគរបស់រោងចក្រថ្មីនេះ បានផ្ដល់ឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋបានចំនួន ១៥,៥១៧នាក់។
លោកអភិបាលរងខេត្តតាកែវ បានគូសបញ្ជាក់ថា៖កត្តាដែលនាំឲ្យខេត្តតាកែវ អាចស្រូបទាញអ្នកវិនិយោគ ចូលមកបណ្ដាក់ទុនក្នុងខេត្តតាកែវកាន់តែច្រើនឡើងដោយសារខេត្តតាកែវមានសក្ដានុពលសេដ្ឋកិច្ចខ្លាំង។ម្យ៉ាងទៀតពន្តាលមកពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ ការជឿទុកចិត្តរបស់ក្រុមអ្នកវិនិយោគទុន និងគោលនយោបាយលើកទឹកចិត្តវិនិយោគិន។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា នៅក្នុងរយៈពេល៤ខែនៃឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ២៣១គម្រោង ក្នុងទុនវិនិយោគមានប្រមាណ ៣,៤ពាន់លានដុល្លារអាម៉េរិក។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ចំនួនគម្រោងបានកើន ឡើងចំនួន ១០៣គម្រោង ស្មើនឹងប្រមាណ៨០%ខណៈទុនវិនិយោគបានកើនឡើងប្រមាណជាង ៨៥៦ លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៣៤%។
គម្រោងដែលអនុម័តដោយ CDC រួមមានគម្រោងវិនិយោគផែស្ងួត គម្រោងវិនិយោគបង្កើតរោងចក្រផលិត ដំឡើងបន្ទះសូឡា រោងចក្រផលិតឧបករណ៍ពេទ្យ រោងចក្រផលិតសម្ភារក្នុងផ្ទះ រមណីយដ្ឋានទេសចរណ៍ គម្រោងបង្កើតរោងចក្រផលិតសំបកកង់រថយន្តនិងរោងចក្រផ្គុំដំឡើងត្រីចក្រយានយន្តអគ្គិសនីជាដើម៕

