មហាសេដ្ឋី Elon Musk ចេញមុខបដិសេធរឿង Tesla ចង់លក់អាជីវកម្មចេញពីប្រទេសចិន

អន្តរជាតិ

មហាសេដ្ឋីមានដាច់គេរបស់ពិភពលោក Elon Musk បានចេញមុខច្រានចោលជុំវិញរបាយការណ៍ចុងក្រោយមួយដែលនិយាយថាថ្នាក់ដឹកនាំកំពូលៗនៃក្រុមហ៊ុន Tesla កំពុងរៀបចំសម្រាប់ការបំបែកអាជីវកម្មនៅក្នុងប្រទេសចិន មុនពេលមានការរួមបញ្ចូលរវាងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្ស និងក្រុមហ៊ុនអវកាស SpaceX។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅមុននេះ យោងតាមកាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ទីប្រឹក្សារបស់ក្រុមហ៊ុន Tesla បានពិភាក្សាអំពីជម្រើសដែលអាចធ្វើទៅបានសម្រាប់ការបំបែក រួមទាំងការលក់ ឬការបិទអាជីវកម្មទាំងស្រុងតែម្តង នៅក្នុងប្រទេសចិន។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Musk ដែលជាអ្នកមានបំផុតរបស់ពិភពលោក បាននិយាយនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងរបាយការណ៍ទាំងនេះវិញថា រឿងទាំងនេះនឹងមិនអាចកើតឡើងក្នុងការពិភាក្សាណាមួយឡើយនោះឡើយ។ ហើយវាជាព័ត៌មានក្លែងក្លាយទាំងស្រុង និងមិនសមហេតុផល។

គួរឲ្យដឹងផងដែរថា កន្លងមកមានព័ត៌មានជុំវិញការរួមបញ្ចូលគ្នារវាងក្រុមហ៊ុន Tesla និង SpaceX របស់លោក Musk នឹងបង្កើនឧបសគ្គភូមិសាស្ត្រនយោបាយ និងបទប្បញ្ញត្តិ ជាពិសេសនៅក្នុងប្រទេសចិន ពីព្រោះ SpaceX គឺជាអ្នកម៉ៅការលើវិស័យការពារជាតិដ៏សំខាន់របស់សហរដ្ឋអាមេរិកដែលពាក់ព័ន្ធនឹងកម្មវិធីសន្តិសុខជាតិ និងផ្កាយរណប ខណៈពេលដែលក្រុមហ៊ុន Tesla ដំណើរការរោងចក្រផលិតដែលគ្រប់គ្រងដោយម្ចាស់ភាគហ៊ុនទាំងស្រុងនៅក្នុងប្រទេសចិន។

គួរជម្រាបជូនថា រោងចក្រ Gigafactory របស់ក្រុមហ៊ុន Tesla នៅសៀងហៃនៅតែជារោងចក្រធំបំផុត និងមានផលិតភាពបំផុតរបស់ខ្លួននៅទូទាំងពិភពលោក ដោយបម្រើជាមជ្ឈមណ្ឌលនាំចេញសំខាន់របស់ខ្លួនសម្រាប់តំបន់អឺរ៉ុប កាណាដា និងតំបន់អាស៊ីប៉ាស៊ីហ្វិក។ រោងចក្រនេះធ្លាប់មានចំនួនជាងពាក់កណ្តាលនៃការដឹកជញ្ជូនរថយន្តទូទាំងពិភពលោករបស់ក្រុមហ៊ុន Tesla ដោយមានសមត្ថភាពផលិតប្រចាំឆ្នាំជាង ៩៥០ ០០០ គ្រឿង៕​