មេការទូតកម្ពុជា នឹងទស្សនកិច្ចផ្លូវការ និងធ្វើជាសហប្រធានក្នុងកិច្ចប្រជុំសំខាន់មួយ នៅម៉ាឡេស៊ី

សង្គម​ និង​សេដ្ឋកិច្ច

មេការទូតកម្ពុជា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមធ្វើជា សហប្រធាននៃកិច្ចប្រជុំគណៈកម្មការចម្រុះសំខាន់មួយ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា និងម៉ាឡេស៊ី លើកទី៣ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មានថា តាមការអញ្ជើញរបស់ លោក ដាតុ ស៊េរី យូតាមា ហាជី មហាម៉ាដ ប៊ីន ហាជី ហាហ្សាន រដ្ឋមន្ត្រីការបរទេស នៃប្រទេសម៉ាឡេស៊ី ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី៣ ដល់ទី៤ ខែសីហា ឆ្នាំ២០២៦។

លោកឧបនាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសមជាមួយ លោកដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ព្រមទាំងធ្វើជាសហប្រធានជាមួយ លោកមហាម៉ាដ ហាហ្សាន ក្នុង កិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា-ម៉ាឡេស៊ី លើកទី៣។

កិច្ចប្រជុំគណៈកម្មការចម្រុះ លើកទី៣ នឹងពិនិត្យគ្រប់ជ្រុងជ្រោយលើវឌ្ឍនភាព ដែលសម្រេច បានក្នុងការអនុវត្តកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មការចម្រុះ លើកទី២ និងកិច្ចព្រមព្រៀងនានាដែល បានឯកភាពនាពេលកន្លងមក។ កិច្ចប្រជុំនេះ នឹងដាក់ចេញនូវវិធានជាក់លាក់បន្ថែម ដើម្បីជំរុញ កិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយថែមទៀតលើវិស័យជាច្រើន ដែលនឹងផ្តល់នូវ សន្ទុះបន្ថែមថ្មីដល់ទំនាក់ទំនងដ៏រឹងមាំ និងពហុវិស័យ រវាងកម្ពុជា និងម៉ាឡេស៊ី។

បើតាមក្រសួងការបរទេស បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងពង្រឹងបន្ថែមទៀតនូវ ទំនាក់ទំនងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក សម្រាប់ ប្រជាជននៃប្រទេសទាំងពីរ និងគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរួមរបស់ប្រទេសទាំងពីរក្នុងការលើកកម្ពស់ សន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕ អត្ថបទ៖ហ្សាលីន