ស្ដ្រីអ្នកបើករថយន្ដបង្កឈ្មោះ សាម ម៉ីជូ កូនស្រីឧកញ៉ា តុង ហុកសេង ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់អ្នកដទៃ និងរត់គេចខ្លួន ហើយត្រូវតុលាការសម្រេចឃុំខ្លួននៅក្នុងពន្ធនាគារបណ្តោះអាសន្ន។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ម្សិលមិញនេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីចំណាត់ការសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យស្លាប់អ្នកដទៃ។ ករណីនេះកើតឡើងកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅមុខផ្សារអីអន២ ដោយរថយន្តម៉ាក AVATR 11 បានបុកម៉ូតូបណ្ដាលឱ្យអ្នកបើកបរម៉ូតូស្លាប់។ ជនបង្កឈ្មោះ សាម ម៉ីជូ ភេទស្រី អាយុ ២៧ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យស្លាប់អ្នកដទៃ និងរត់គេចខ្លួន។
សូមជម្រាបថា បទល្មើសនេះត្រូវផ្ដន្ទាទោសតាមមាត្រា ៨៥ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងមាត្រា ៥៤៣ ក្រមព្រហ្មទណ្ឌ។ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនបណ្ដោះអាសន្នជនត្រូវចោទឈ្មោះ សាម ម៉ីជូ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។






