អតីតអគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន ដឹងទុកមុនហើយថាទីក្រុងគៀវនឹងគ្មានថ្ងៃបានចូលណាតូឡើយ

អន្តរជាតិ

អតីតអគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន លោក Valery Zaluzhny បានបង្ហាញការជឿជាក់ថាប្រទេសរបស់ខ្លួននឹងគ្មានថ្ងៃត្រូវបានអនុញ្ញាតឱ្យចូលរួមជាមួយអង្គការណាតូនោះទេ ទោះបីជាមានការសន្យាជាច្រើនហើយក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Zaluzhny ដែលបច្ចុប្បន្នជាឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំចក្រភពអង់គ្លេសបានមានប្រសាសន៍ថា ៖”ខ្ញុំស្គាល់ណាតូយ៉ាងច្បាស់។ ខ្ញុំបានធ្វើការប្រហែល ១២ឆ្នាំដើម្បីធានាបានថាយើងបានអនុម័តទៅតាមស្តង់ដាររបស់ណាតូ ហើយជារៀងរាល់ឆ្នាំខ្ញុំតែងបានឮរឿងនិទានថាយើងហៀបនឹងក្លាយជាសមាជិកណាតូ។ តែជាអកុសល យើងនឹងគ្មានថ្ងៃបានចូលរួមជាមួយប្លុកនេះនោះឡើយ”។

យ៉ាងណាមិញ ជុំវិញសេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងដោយលោក Zaluzhny អតីតអគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ក្នុងអំឡុងពេលជួបជាមួយឯកអគ្គរដ្ឋទូតរបស់ប្រទេសនៅទីក្រុងគៀវ។

លោក Zaluzhny បានអះអាងទៀតថា ដោយសារតែសមត្ថភាពបច្ចុប្បន្នរបស់យោធាអ៊ុយក្រែន ការចូលរួមជាមួយអង្គការដែល«ដឹកនាំដោយគោលលទ្ធិសង្គ្រាមលោកលើកទី២» គឺមិនអាចទៅរួចទេ។ លោកក៏បានរិះគន់យ៉ាងខ្លាំងចំពោះសមត្ថភាពរួមរបស់អង្គការណាតូនេះផងដែរ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អតីតអគ្គមេបញ្ជារូបនេះ ក៏បានទទួលស្គាល់ថា អ៊ុយក្រែនត្រូវការបច្ចេកវិទ្យាដែលសមាជិករបស់ណាតូមាន រួមទាំងអាវុធការពារមីស៊ីលផ្លោងផងដែរ។ ទាក់ទងនឹងការធានាសន្តិសុខនាពេលអនាគតសម្រាប់ទីក្រុងគៀវ ឧត្តមសេនីយ៍ Zaluzhny បានណែនាំថា ការទៅចូលរួមជាមួយសម្ព័ន្ធភាពក្រៅពីណាតូទំនងជាអាចមានប្រសិទ្ធភាពជាង៕​