សម្តេចធិបតី ជំរុញឱ្យអាស៊ានរួមគ្នាជំរុញការកសាងមុខងារសេវាសាធារណៈដែលមានភាពធន់

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ានទាំងអស់ ប្រទេសបូកបី និងដៃគូសន្ទនានានា។ ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានជំរុញឱ្យអាស៊ានទាំងអស់រួមគ្នាជំរុញការកសាងមុខងារសេវាសាធារណៈដែលមានភាពធន់ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី ថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជា​អធិប​តី​​បើក​កិច្ច​ប្រជុំរដ្ឋមន្ត្រីលើវិស័យ​សាធារណៈអាស៊ានលើកទី២៣ (23rd ACCSM) និងអាស៊ាន​បូក​៣​លើក​​ទី៨ (8th ACCSM+3) នៅសណ្ឋាគារសុខា​ខេត្តសៀម​រាប នាថ្ងៃ ទី៥ ខែសីហា ឆ្នាំ២០២៦​នេះ នៅ​ខេត្តសៀម​រាប។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សូមបញ្ជាក់ជាថ្មីថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ានទាំងអស់ ប្រទេសបូកបី និងដៃគូសន្ទនា ដើម្បីបំប្លែងឯកសារទាំងនេះទៅជាសកម្មភាពជាក់ស្តែង។ ក្នុងស្មារតីនេះ កម្ពុជាមានមោទកភាពក្នុងការទទួលតួនាទីជាប្រធានប្តូរវេន នៃបណ្តាញវិទ្យាស្ថានបណ្តុះបណ្តាលមុខងារសាធារណៈអាស៊ាន សម្រាប់អាណត្តិឆ្នាំ២០២៧-២០២៨។

ជាមួយនឹងការសម្លឹងខ្ពស់ទៅអនាគតដ៏វែងឆ្ងាយ សម្តេចធិបតី ក៏សូមឱ្យអាស៊ានរួមគ្នាទទួលយកចក្ខុវិស័យរួមសម្រាប់អនាគតនៃស្ថាប័នសាធារណៈរបស់យើង។ រួមគ្នា យើងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ លើកកម្ពស់វប្បធម៌នវានុវត្តន៍ និងឧត្តមភាព និងជំរុញការកសាងមុខងារសេវាសាធារណៈដែលមានភាពបត់បែន និងភាពធន់ ត្រៀមខ្លួនសម្រាប់អនាគត និងលះបង់ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយើង។

បន្ថែមពីនេះ សម្តេចធិបតី បានថ្លែងដោយក្តីសង្ឃឹមយ៉ាងស្មោះស្ម័គ្រថា ការផ្លាស់ប្តូរទស្សនៈ និងកិច្ចសន្ទនាគោលនយោបាយដែលបានប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃកន្លងមក និងនៅក្នុងថ្ងៃនេះ នឹងជួយពង្រឹងការយោគយល់គ្នាទៅវិញទៅមក លើកទឹកចិត្តដល់ការចែករំលែកបទពិសោធន៍ និងការអនុវត្តល្អបំផុត និងពង្រឹងកិច្ចសហការរវាងស្ថាប័នសេវាសាធារណៈរបស់យើង។
សូមជម្រាបដែរថា កិច្ចប្រជុំដ៏មានសារៈសំខាន់ស្ថិតនៅក្រោមសសរស្តម្ភសង្គម និងវប្បធម៌របស់​អា​ស៊ាននេះ គឺមានការអញ្ជើញចូលពីរដ្ឋមន្ត្រីមុខងារសាធារណៈនៃប្រទេសសមាជិក​អាស៊ាន អគ្គលេខាធិការអាស៊ាន និងរដ្ឋមន្ត្រីមុខងារសាធារណៈប្រទេសបូក៣ រួមមាន ចិន ជប៉ុន ព្រមទាំងប្រទេសកូរ៉េខាងត្បូង៕អត្ថបទ៖ហ្សាលីន