ទីបំផុត អ៉ីរ៉ង់ បានប្រកាសថាខ្លួនបានឈានដល់កិច្ចព្រមព្រៀងជាមួយអូម៉ង់ហើយពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងលើច្រកសមុទ្រ Hormuz រួមគ្នា ប៉ុន្តែនោះដែរមិនបានលើកឡើងអំពីការចូលរួមពីសហរដ្ឋអាមេរិកនោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Al Jazeera។

ជាមួយគ្នានេះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសលោក Esmaeil Baghaei ដែលបាននិយាយនៅថ្ងៃទី៥ ខែសីហាថា អ៊ីរ៉ង់ និងអូម៉ង់បានព្រមព្រៀងគ្នាលើកូអរដោនេនៃផ្លូវដឹកជញ្ជូនដែលបានស្នើឡើង។
លោក Baghaei បាននិយាយទៀតថា អ៊ីរ៉ង់ និងអូម៉ង់កំពុងបញ្ចប់ជំហានចុងក្រោយដើម្បីចេញសេចក្តីថ្លែងការណ៍រួមលើកិច្ចព្រមព្រៀងនេះ ដោយមានលក្ខខណ្ឌថា “ភាគីទីបី” នឹងមិនអាចជ្រៀតជ្រែកក្នុងការចរចានេះបានទេ ដែលនេះហាក់ដូចជាចង់សំដៅទៅលើសហរដ្ឋអាមេរិកចំៗតែម្តង។
ទន្ទឹមនងនេះ ប៉ុស្តិ៍ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ IRIB ពីមុនបានដកស្រង់ប្រភពមួយដោយនិយាយថា កិច្ចព្រមព្រៀងដែលអាចធ្វើទៅបានរវាងអ៊ីរ៉ង់ និងអូម៉ង់ទាក់ទងនឹងច្រកសមុទ្រ Hormuz មិនមានន័យថាផ្លូវទឹកនេះនឹងត្រូវបានបើកឡើងវិញភ្លាមៗនោះទេ ហើយវាក៏មិនអាចធានាបានថាផ្លូវទឹកនេះនឹងមានសុវត្ថិភាពទាំងស្រុងផងដែរ។
គួរជម្រាបជូនផងដែរថា ព័ត៌មាននេះលេចចេញជារូបរាងឡើងក្នុងចំណោមសេចក្តីថ្លែងការណ៍ថ្មីៗរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលថាប្រទេសខ្លួនកំពុងខិតជិតឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដោយធ្វើឲ្យការដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកសមុទ្រ Hormuz នឹងវិលមករកភាពប្រក្រតីវិញក្នុងពេលឆាប់ៗនេះ។ ប្រមុខសេតវិមានរូបនេះ ក៏បានព្រមានអំពីការប្រើ “វិធានការដ៏ខ្លាំងក្លា” ប្រសិនបើលទ្ធផលមិនដូចការរំពឹងទុក ផងដែរ៕

