CDC និងសេដ្ឋវិទូល្បីនៃសកលវិទ្យល័យHarvard ជំរុញការលើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានបើកកិច្ចពិភាក្សាគ្នាជាមួយសេដ្ឋវិទូល្បីល្បានៃសកលវិទ្យល័យHarvard បានជំរុញការលើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជា សំដៅឈានទៅទាក់ទាញវិនិយោគិនបរទេស។កិច្ចពិភាក្សានេះ ធ្វើឡើងកាល នារសៀលថ្ងៃ ទី៥ ខែសីហា ឆ្នាំ២០២៦ ដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជាមួយ លោកសាស្រ្តាចារ្យ Ricardo Hausmann សេដ្ឋវិទូល្បីល្បាញ ជាស្ថាបនិក និងជាប្រធានមជ្ឈមណ្ឌល Growth Lab ព្រមទាំងជាសាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនយោបាយអន្តរជាតិនៅ Harvard Kennedy School នៃសាកលវិទ្យាល័យ Harvard។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជំនួបនេះមានការអញ្ជើញចូលរួមអម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ពីសំណាក់ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជានៃ ក.អ.ក. ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។

តាមរយៈជំនួបនោះ ភាគីទាំងពីរ បានពិភាក្សាផ្លាស់ប្តូរទស្សនៈ លើរបៀបវារៈសំខាន់ៗមួយចំនួន រួមមាន៖១.ការជំរុញ និងការលើកកម្ពស់បរិយាកាសវិនិយោគ កត្តាអំណោយផល និងការបន្តធ្វើកំណែទម្រង់ជុំវិញការទាក់ទាញវិនិយោគិនបរទេស និងការសម្រួលពាណិជ្ជកម្មនៅកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែង។

២.ជាការប្រមើមើល និងវិភាគនិន្នាការនៃការវិវត្តសេដ្ឋកិច្ច នយោបាយជាសកលនាពេលអនាគត ដោយផ្អែកលើតថភាពនៃការប្រែប្រួលភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។និង៣. យុទ្ធសាស្ត្ររុញច្រានការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា តាមរយៈការពិភាក្សាផ្តោតលើកត្តាជំរុញ និងយន្តការគន្លឹះនានា ដើម្បីធ្វើឱ្យការធ្វើពិពិធកម្មសេដ្ឋកិច្ចកាន់តែមានភាពធន់ មានប្រសិទ្ធភាពខ្ពស់ និងមានសន្ទុះកំណើនឆ្ពោះទៅមុខប្រកបដោយចីរភាព។

គួររំលឹកផងដែរថា ជំនួបលើកនេះគឺជាការបន្តកិច្ចសន្ទនាជាយុទ្ធសាស្ត្រ បន្ទាប់ជំនួបឯកជនរវាង លោកឧបនាយករដ្ឋមន្ត្រី និងលោកសាស្ត្រាចារ្យ Ricardo Hausmann កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ កន្លងទៅ ក្នុងឱកាសដែលលោកឧបនាយករដ្ឋមន្ត្រី និងលោកសាស្រ្តាចារ្យបានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់ វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) ដែលបានប្រព្រឹត្តទៅនៅទីក្រុងដាវ៉ុស (Davos) ប្រទេសស្វីស៕​អត្ថបទ៖ហ្សាលីន