ប្រទេសចិន បានប្រកាសថាខ្លួននឹងគ្រប់គ្រងរាល់សមាសធាតុ និងបច្ចេកវិទ្យាទាំងអស់ដែលប្រើប្រាស់ក្នុងការផលិតយន្តហោះគ្មានមនុស្សបើកដែលនាំចេញទៅកាន់សហរដ្ឋអាមេរិក ដើម្បីជាការសងសឹកចំពោះពន្ធគយថ្មីរបស់ទីក្រុងវ៉ាស៊ីនតោន ទាក់ទងនឹងកម្លាំងពលកម្មដោយបង្ខំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

កាលពីថ្ងៃទី៥ ខែសីហា ក្រសួងពាណិជ្ជកម្មចិន បានប្រកាសពីវិធានការសងសឹកជាបន្តបន្ទាប់ប្រឆាំងនឹងសហរដ្ឋអាមេរិក មុនពេលមានកិច្ចប្រជុំរវាងប្រធានាធិបតី លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅខែក្រោយ។
យ៉ាងណាមិញ ជុំវិញវិធានការពាណិជ្ជកម្មដែលផ្តោតលើឧស្សាហកម្មយន្តហោះគ្មានមនុស្សបើកបានចែងថា ការបញ្ជាទិញណាមួយសម្រាប់យន្តហោះគ្មានមនុស្សបើក សមាសធាតុ ឬបច្ចេកវិទ្យាពាក់ព័ន្ធទាំងស្រុងដែលនាំចេញទៅសហរដ្ឋអាមេរិកនឹងត្រូវទទួលរងនូវការពិនិត្យឡើងវិញយ៉ាងម៉ត់ចត់តាមករណីនីមួយៗ។
នៅថ្ងៃដដែលនោះ ក្រសួងបានបន្ថែមក្រុមហ៊ុនអាមេរិកចំនួនប្រាំពីរនៅក្នុងប្រទេសចិន ទៅក្នុង “បញ្ជីខ្មៅ” របស់ខ្លួន។ ក្នុងចំណោមក្រុមហ៊ុនទាំងនេះចំនួនប្រាំមួយ រួមទាំង Applied DNA Sciences ត្រូវបានហាមឃាត់មិនឱ្យធ្វើពាណិជ្ជកម្ម ដោយត្រូវបានចោទប្រកាន់ពីបទជួយ និងញុះញង់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទាក់ទងនឹងកម្លាំងពលកម្មដោយបង្ខំនៅ Xinjiang។ ចំណែកឯក្រុមហ៊ុន Compliance Testing LLC ក៏ត្រូវបានហាមឃាត់មិនឱ្យធ្វើអាជីវកម្មនៅក្នុងប្រទេសចិនផងដែរ ចំពោះការគាំទ្រការហាមឃាត់របស់សហរដ្ឋអាមេរិកលើមនុស្សយន្តដែលមានរូបរាងដូចមនុស្ស និងមនុស្សយន្តដើរជើងបួន។
មិនតែប៉ុណ្ណោះ ប្រទេសចិនបានសង្កត់ធ្ងន់ទៀតថា វិធានការតបតរបស់ខ្លួនត្រូវបានរឹតបន្តឹង ខណៈអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបាននិយាយថា ប្រសិនបើទីក្រុងវ៉ាស៊ីនតោនបន្តដាក់ទណ្ឌកម្មថ្មីៗ នោះទីក្រុងប៉េកាំងនឹងឆ្លើយតបវិញយ៉ាងខ្លាំងក្លាជាទីបំផុត៕

