លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកស៊ីម៉ាក់ នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដឹកនាំដោយលោក Alain Aeschlimann ទីប្រឹក្សាផ្នែកសុវត្ថិភាព និងការគ្រប់គ្រងវិបត្តិ នៃICRC ដែលមានការិយាល័យកណ្តាលនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស និងលោកស្រី Dorsa Nazemi-Salman ប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា នៅទីបញ្ជាការ CMAC ភ្នំពេញ។

ក្នុងជំនួបនេះលោក ហេង រតនា បានជម្រាបជូនសង្ខេបនូវបញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាមថៃឈ្លានពាន ក្នុងនោះមានការប្រើប្រាស់អាវុធយុទ្ធភណ្ឌ ដែលពិភពលោកហាមឃាត់ក្រោមអនុសញ្ញាអន្តរជាតិ ក្នុងការធ្វើសង្គ្រាមដូចជា អាវុធ/សារធាតុគីមី និងគ្រាប់បែកចង្កោមជាដើម ហើយការបាញ់ផ្លោង និងទម្លាក់គ្រាប់បែកនៃគ្រាប់ទាំងនោះលើគោលដៅសីវិលនិងកងទ័ព។
ជាក់ស្តែងតាមរយៈការស្រាវជ្រាវព័ត៌មានសំណល់គ្រាប់យុទ្ធភណ្ឌថៃឈ្លានពាន នៅតាមភូមិប្រជាពលដ្ឋចំនួន ៣៣៥ភូមិ ដែលបានបញ្ចប់កាលពីកន្លងទៅថ្មីៗនេះបានកំណត់តំបន់រងផលប៉ះពាល់ចំនួន ៥ ៣៤៨ពហុកោណ (polygon) ស្មើនឹង ៣ ៨៧២គីឡូម៉ែត្រក្រឡា ក្នុងនោះមានតំបន់រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមចំនួន ៣.៨៥៨ពហុកោណស្មើនឹងជិត ២ ៧០០គីឡូម៉ែត្រក្រឡា។
ទំហំបញ្ហាគ្រាប់បែកចង្កោមស៊េរីថ្មី M42 M46 និង M85នេះ អាចមានចំនួនប្រមាណ៦-៧លានកូនគ្រាប់បែកចង្កោម ស្ថិតនៅរាយប៉ាយតាមភូមិឋាន ស្រែចម្ការប្រជាពលរដ្ឋទាំង ៣៣៥ភូមិ នេះទំហំបញ្ហាគ្រាប់បែកសេរីថ្មីនៅកម្ពុជានេះ មានទំហំច្រើនជាងគេនៅលើពិភពលោកយើងនេះ ដោយប្រៀបធៀបសង្គ្រាមលីបង់-អ៉ីស្រាអ៊ែលឆ្នាំ២០០៦ រយៈពេល ៣៤ថ្ងៃអ៉ីស្រាអែលបានបាញ់គ្រាប់បែកចង្កោមស្រោចតែ ៣ថ្ងៃចុងក្រោយ មុនថ្ងៃបទឈប់បាញ់ចូលជាធរមានចំនួនប្រមាណ ៤លានគ្រាប់ដោយប្រមាណ ៤០%មិនផ្ទុះស្មើនឹងប្រមាណ ១លានគ្រាប់។
លោក ហេង រតនា ក៏បានគូសបញ្ជាក់ជូនលោក Alain Aeschlimann និងលោកស្រី Dorsa Nazemi-Salman ថា ការបាញ់ពង្រាយគ្រាប់បែកចង្កោមតាមសាលារៀន ភូមិឋាន វត្តអារាម ស្រែចម្ការប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ពន្ធសាធារណៈនេះ ជាការគិតគូរខាងយុទ្ធសាស្ត្រយ៉ាងល្អិតល្អន់របស់នាយទាហានសៀមក្នុងការបង្កវិបត្តិមនុស្សធម៌ និងគំរាមកំហែងសេដ្ឋកិច្ចសង្គមយ៉ាងធ្ងន់ធ្ងរចំពោះកម្ពុជាទាំងក្នុងកាលៈទេសៈចំពោះមុខនិងយូរអង្វែងទៅមុខទៀត ហើយនេះជាទង្វើរំលោភបំពានលើអនុសញ្ញាអន្តរជាតិហាមឃាត់ ការប្រើប្រាស់គ្រាប់បែកចង្កោមទាំងកំរោល។ សូមបញ្ជាក់ថា នៅសល់ចំនួន១៤ភូមិ និងទីតាំងភូមិសាស្ត្រតតំបន់ជួរមុខនៃបន្ទាត់ព្រំដែន មិនទាន់បានស្រាវជ្រាវព័ត៌មានកំណត់ទំហំប៉ះពាល់នៅឡើយទេ។
ឆ្លៀតក្នុងឱកាសនេះ លោក ហេង រតនា ក៏បានថ្លែងអំណរគុណចំពោះ ICRC ដែលបានដើរតួនាទីជាអន្តរការីមនុស្សធម៌ ក្នុងការសម្របសម្រួលស្របតាមគោលការណ៍ និងអនុសញ្ញាមនុស្សធម៌អន្តរជាតិ ក្នុងការដោះលែងវរកងទ័ពកម្ពុជាចំនួន ១៨នាក់ ដែលត្រូវបានចាប់ជំរិតដោយកងទ័ពសៀម ក្រោយពេលបទឈប់បាញ់ចូលជាធរមាន។
ទន្ទឹមនឹងនេះ លោក ហេង រតនា ក៏បានសំណូមពរ ICRC ឱ្យបន្តខិតខំចូលរួមយ៉ាងសកម្មថែមទៀតក្នុងការគាំទ្រជនភៀសសឹកកម្ពុជា បានវិលត្រឡប់ទៅកាន់ទីជម្រកផ្ទះសំបែងរបស់ពួកគាត់វិញ និងត្រូវតម្រូវឱ្យភាគីថៃ ទទួលខុសត្រូវចំពោះទង្វើព្រៃផ្សៃដែលបានបំផ្លិចបំផ្លាញកម្ទេចផ្ទះសំបែង និងផលដំណាំរបស់ប្រជាពលរដ្ឋភៀសសឹកទាំងឡាយ។ លើសពីនេះ ICRC អាចជួយជំរុញឱ្យភាគីថៃគោរពអនុសញ្ញាអន្តរជាតិស្តីពីការហាមឃាត់គ្រាប់បែកចង្កោម និងអាវុធ/សារធាតុគីមីឱ្យបានម៉ឺងម៉ាត់៕



