ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បានជូនដំណឹងពីឱកាសការងារជាច្រើនម៉ឺនកន្លែងជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសបងប្អូនពលករខ្មែរ ដែលទើបវិលត្រឡប់ពីប្រទេសថៃវិញ។
តាមរយៈការផ្ដល់ដំណឹងឱកាសការងារនេះរបស់ក្រសួងការងារ បានបង្ហាញថា នៅរាជធានីភ្នំពេញមានរោងចក្រ សហគ្រាស ចំនួន ៥៦៧កន្លែងបានបើកទ្វារងចាំបងប្អូនមកដាក់ពាក្យធ្វើការងារ ដោយមានជ្រើសរើសជាច្រើនផ្នែកដូចជា៖ គ្រូបង្រៀន រដ្ឋបាល អ្នកគ្រប់គ្រងទូទៅ ផ្នែកការិយាល័យ កម្មករផលិតកម្ម ផ្នែកលក់ ផ្នែកដេរ អ្នកបញ្ជារម៉ាស៊ីន សំណង់ អ្នកបើករថយន្ដ សន្ដិសុខ ចុងភៅ ផ្នែកធ្វើនំ ផ្នែកសេវាកម្មទូទៅ អ្នករត់តុ កម្មករវិស្វរកម្មសំណង់ស៊ីវិល ជាងទឹក ជាងភ្លើង និងកម្មករវេចខ្ចប់ដោយដៃជាដើម។

សូមរំលឹកផងដែរថា ដើម្បីសម្រួលដល់ការទទួលបានការងារធ្វើរបស់បងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មិនតម្រូវឱ្យភ្ជាប់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរសម្រាប់ការស្នើសុំសៀវភៅការងារកម្មករ និយោជិតខ្មែរ និងការចុះបញ្ជីក្នុងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ជាបណ្តោះអាសន្នរហូតដល់មានការជូនដំណឹងសាជាថ្មី។
ក្នុងន័យនេះ ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ អាចជ្រើសរើសពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃឱ្យចូលធ្វើការដោយអាចប្រើប្រាស់ ឯកសារណាមួយ ដូចជាសំបុត្របញ្ជាក់កំណើត សៀវភៅគ្រួសារ លិខិតឆ្លងដែន លិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស (លិខិតធ្វើដំណើរ-TD) ឬលិខិតបញ្ជាក់អត្តសញ្ញាណដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចជំនួសឱ្យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។
សម្រាប់ព័ត៌មានលម្អិតបន្ថែមទៀត សូមបងប្អូនទាក់ទងទៅទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ទ្ទ 1207៕


















