អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ បានទទូចស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធអគ្គិសនីទាំង ៣ស្ថាប័ន រួមមាន ក្រសួងរ៉ែនិងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា (EDC) មេត្តាជួយពន្លឿននីតិវិធីភ្ជាប់ចរន្តអគ្គិសនី ចូលស្ថានីយសាកឡានអគ្គិសនី (EV) ឱ្យបានឆាប់ ដើម្បីជួយដល់អ្នកប្រើប្រាស់រថយន្ត EV។

នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន នាព្រឹកថ្ងៃសុក្រនេះ អ្នកឧកញ៉ាបណ្ឌិត បានលើកឡើងបែបនេះថា៖ “សូមអាជ្ញាធរពាក់ព័ន្ធអគ្គិសនីទាំង៣ មេត្តាពន្លឿននីតិវិធីភ្ជាប់ចរន្តអគ្គិសនីចូលស្ថានីយសាកឡាន EV ឱ្យបានឆាប់ ដើម្បីជួយដល់អ្នកប្រើប្រាស់រថយន្ត EV។ បើស្ថាប័នអគ្គិសនីទាំង៣ បើកឱ្យមានច្រកចេញចូលតែមួយកាន់តែល្អ”។
អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ បានថ្លែងប្រាប់ដល់ ឧកញ៉ាញូស៍ បន្ថែមថា រាជរដ្ឋាភិបាលយើងមានគោលការណ៍ពន្លឿនការតភ្ជាប់ស្ថានីយអគ្គិសនីផ្សេងៗ ប៉ុន្តែកន្លងមកនីតិវិធីស្មុគស្មាញរបស់ស្ថាប័នរដ្ឋបានធ្វើឱ្យមានការយឺតយ៉ាវ។ ក្នុងនោះស្ថាប័នពាក់ព័ន្ធមាន៣ គឺក្រសួងរ៉ែនិងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា (EDC)។ នៅពេលស្នើសុំ ត្រូវសុំទៅឆ្លងកាត់ទាំង៣ស្ថាប័ន ហើយនីតិវិធីមានភាពស្មុគស្មាញ ទម្រាំបានឯកសារគោលការណ៍ឯកភាពជាផ្លូវការ។ ជាក់ស្តែងក្រុមហ៊ុនរបស់លោក ត្រូវរង់ចាំរហូតដល់ ១ខែកន្លះ ហើយអ្នកខ្លះរង់ចាំដល់បួនប្រាំខែក៏មាន ខណៈដែលក្រុមហ៊ុនឯកជនមានទាំងទីតាំង និងបានទិញទូរភ្លើងរួចហើយ។
ពាក់ព័ន្ធនីតិវិធីមានភាពស្មុគស្មាញរបស់ស្ថាប័នទាំង៣នេះ អ្នកឧកញ៉ាបណ្ឌិត យល់ឃើញថា ស្ថាប័នពាក់ព័ន្ធអគ្គិសនី គួរបង្កើតឱ្យមានច្រកចេញចូលតែមួយ សម្រាប់ការផ្តល់សេវាឱ្យបានរហ័ស យ៉ាងយូរបំផុតគួរត្រឹម ១សប្តាហ៍។ អ្នកឧកញ៉ា បានបន្ថែមថា រឿងអគ្គិសនីដូចជាមិនមានភាពស្មុគស្មាញអ្វីច្រើនដូច SME ឬការផលិត ផលិតផលម្ហូបអាហារនោះទេ ហើយនៅពេលមានការស្នើសុំទៅ ភាគច្រើនក្រុមហ៊ុនមានទីតាំងស្រាប់ មានទូរភ្លើងស្រាប់ ដូច្នេះគ្រាន់ចំណាយពេលចុះទៅពិនិត្យមើលបន្ថែម រួចសម្រេចថាអាចដាក់បាន ឬមិនបាន ជាការស្រេច។
សូមជម្រាបថា កាលចុងខែមេសា ឆ្នាំ២០២៦ នៅក្នុងបរិបទដែលការប្រើប្រាស់រថយន្តអគ្គិសនី (EV) កំពុងកើនឡើងយ៉ាងលឿននៅក្នុងប្រទេសកម្ពុជា VET Charging Station នៃក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស របស់ អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ បានប្រកាសពីការនាំចូល និងដំឡើងឧបករណ៍សាកថ្ម EV រាប់រយគ្រឿងបន្ថែម ក្នុងគោលបំណងពង្រីកបណ្ដាញស្ថានីយសាកថ្មឲ្យទូលំទូលាយ និងងាយស្រួលប្រើប្រាស់ជាងមុន នៅទូទាំង ២៥ រាជធានី ខេត្ត៕









