អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ ទទូចស្នើឱ្យអាជ្ញាធរពាក់ព័ន្ធអគ្គិសនីទាំង ៣ស្ថាប័ន ជួយពន្លឿននីតិវិធីភ្ជាប់ចរន្ត​អគ្គិសនី ចូលស្ថានីយសាកឡានអគ្គិសនី (EV)

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ បានទទូច​ស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធអគ្គិសនីទាំង ៣ស្ថាប័ន រួមមាន ក្រសួងរ៉ែនិងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា និង​អគ្គិសនីកម្ពុជា (EDC) មេត្តាជួយពន្លឿននីតិវិធីភ្ជាប់ចរន្តអគ្គិសនី ចូលស្ថានីយសាកឡានអគ្គិសនី (EV) ឱ្យបាន​ឆាប់ ដើម្បីជួយដល់អ្នកប្រើប្រាស់រថយន្ត EV។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន នាព្រឹកថ្ងៃសុក្រនេះ អ្នកឧកញ៉ាបណ្ឌិត បានលើកឡើងបែបនេះថា៖ “សូមអាជ្ញាធរ​ពាក់ព័ន្ធអគ្គិសនីទាំង៣ មេត្តាពន្លឿននីតិវិធីភ្ជាប់ចរន្តអគ្គិសនី​ចូលស្ថានីយសាកឡាន EV ឱ្យបានឆាប់ ដើម្បីជួយ​ដល់អ្នកប្រើប្រាស់រថយន្ត EV។ បើស្ថាប័នអគ្គិសនីទាំង៣ បើកឱ្យមានច្រកចេញចូលតែមួយកាន់តែល្អ”។

អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ បានថ្លែងប្រាប់ដល់ ឧកញ៉ាញូស៍ បន្ថែមថា រាជរដ្ឋាភិបាលយើងមានគោលការណ៍​ពន្លឿន​ការតភ្ជាប់ស្ថានីយអគ្គិសនីផ្សេងៗ ប៉ុន្តែកន្លងមកនីតិវិធីស្មុគស្មាញរបស់ស្ថាប័នរដ្ឋបានធ្វើឱ្យមានការយឺត​យ៉ាវ។ ក្នុងនោះស្ថាប័នពាក់ព័ន្ធមាន៣ គឺក្រសួងរ៉ែនិងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា និង​អគ្គិសនីកម្ពុជា (EDC)។ នៅពេលស្នើសុំ ត្រូវសុំទៅឆ្លងកាត់ទាំង៣ស្ថាប័ន ហើយនីតិវិធីមានភាពស្មុគស្មាញ ទម្រាំបានឯកសារ​គោលការណ៍ឯកភាព​ជាផ្លូវការ។ ជាក់ស្តែងក្រុមហ៊ុនរបស់លោក ត្រូវរង់ចាំរហូតដល់ ១ខែកន្លះ ហើយអ្នកខ្លះរង់ចាំ​ដល់បួនប្រាំខែក៏មាន ខណៈដែល​ក្រុមហ៊ុនឯកជនមានទាំងទីតាំង និងបានទិញទូរភ្លើងរួចហើយ។

ពាក់ព័ន្ធនីតិវិធីមានភាពស្មុគស្មាញរបស់ស្ថាប័នទាំង៣នេះ អ្នកឧកញ៉ាបណ្ឌិត យល់ឃើញថា ស្ថាប័នពាក់ព័ន្ធ​អគ្គិសនី គួរបង្កើតឱ្យមាន​ច្រកចេញចូលតែមួយ សម្រាប់ការផ្តល់សេវាឱ្យបានរហ័ស យ៉ាងយូរបំផុតគួរត្រឹម ១សប្តាហ៍។ អ្នកឧកញ៉ា បានបន្ថែមថា រឿងអគ្គិសនីដូចជាមិនមានភាពស្មុគស្មាញអ្វីច្រើនដូច SME ឬការផលិត ផលិតផលម្ហូបអាហារនោះទេ ហើយនៅពេលមានការស្នើសុំទៅ ភាគច្រើនក្រុមហ៊ុនមានទីតាំងស្រាប់ មានទូរភ្លើង​ស្រាប់ ដូច្នេះគ្រាន់​ចំណាយពេលចុះទៅពិនិត្យមើលបន្ថែម រួចសម្រេចថាអាចដាក់បាន ឬមិនបាន ជាការស្រេច។

សូមជម្រាបថា កាលចុងខែមេសា ឆ្នាំ២០២៦ នៅក្នុងបរិបទដែលការប្រើប្រាស់រថយន្តអគ្គិសនី (EV) កំពុងកើន​ឡើងយ៉ាងលឿន​នៅក្នុង​ប្រទេសកម្ពុជា VET Charging Station នៃក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស របស់ អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ បានប្រកាសពីការនាំចូល និងដំឡើងឧបករណ៍សាកថ្ម EV រាប់រយគ្រឿងបន្ថែម ក្នុងគោលបំណង​ពង្រីកបណ្ដាញ​ស្ថានីយសាកថ្មឲ្យទូលំទូលាយ និងងាយស្រួលប្រើប្រាស់ជាងមុន នៅទូទាំង ២៥ រាជធានី ខេត្ត៕