ក្រុមហ៊ុន Aeon ប្រកាសត្រៀមខ្លួនដើរចេញពីទីផ្សាររបស់ប្រទេសថៃទាំងស្រុង

អន្តរជាតិ

យោងតាមសារព័ត៌មាន Nikkei បានរាយការណ៍ថាក្រុមហ៊ុន Aeon របស់ប្រទេសជប៉ុន នឹងលក់អាជីវកម្មផ្សារទំនើបរបស់ខ្លួននៅក្នុងប្រទេសថៃ ទៅឱ្យក្រុមហ៊ុន Central Group ដើម្បីផ្តោតលើទីផ្សារសំខាន់ៗផ្សេងទៀត រួមទាំងប្រទេសវៀតណាមផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមផែនការមួយដែលបានប្រកាសនៅថ្ងៃទី៨ ខែសីហា ភាគហ៊ុនទាំងអស់របស់ក្រុមហ៊ុន Aeon ក្នុងប្រទេសថៃ ដែលជាក្រុមហ៊ុនដំណើរការផ្សារទំនើប នឹងត្រូវផ្ទេរទៅឱ្យក្រុមហ៊ុន Central Food Retail ទាំងស្រុងនៅថ្ងៃទី៣០ ខែកញ្ញា។ តែទោះជាយ៉ាងណាក៏ដោយ តម្លៃនៃប្រតិបត្តិការនេះមិនត្រូវបានបង្ហាញឱ្យដឹងនោះទេ។

បន្ទាប់ពីកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Aeon នឹងដកខ្លួនចេញពីវិស័យផ្សារទំនើបនៅក្នុងប្រទេសថៃទាំងស្រុង។ ក្រោយពីនោះ ក្រុមហ៊ុន Central Food Retail នឹងដំណើរការខ្សែសង្វាក់ផ្សារទំនើប Tops រួមជាមួយនឹងប្រព័ន្ធហាងទំនិញរាយ និងផ្សារទំនើបលំដាប់ខ្ពស់ ជាចម្បងនៅក្នុងប្រទេសថៃ។

គួរឲ្យដឹងថា ក្រុមហ៊ុន Aeon បានចូលទីផ្សារថៃក្នុងឆ្នាំ១៩៨៤។ បច្ចុប្បន្ន ក្រុមហ៊ុនជប៉ុននេះមានផ្សារទំនើបសរុបចំនួន ៣០ នៅទីនោះ ក្រោមម៉ាកយីហោ MaxValu និងគំរូហាងខ្នាតតូច MaxValu Tanjai ជាដើម។

ជម្រាបជូនផងដែរថា ជុំវិញការចាកចេញនេះ ក្រុមហ៊ុន Aeon ត្រូវបានគេរាយការណ៍ថាកំពុងធ្វើឱ្យប្រសើរឡើងយ៉ាងសកម្មនូវប្រសិទ្ធភាពដើមទុន និងប្រាក់ចំណេញរបស់ខ្លួន។ នាពេលអនាគត ក្រុមហ៊ុននេះមានគម្រោងផ្តោតការរីកចម្រើនរបស់ខ្លួនលើទីផ្សារសំខាន់ៗផ្សេងទៀត រួមទាំងប្រទេសវៀតណាម ជាកន្លែងដែលផ្សារទំនើបរបស់ខ្លួនកំពុងដំណើរការប្រកបដោយប្រសិទ្ធភាពរួចហើយ។ ក្រុមហ៊ុន Aeon ក៏នឹងផ្តោតធនធានរបស់ខ្លួនលើទីផ្សារដូចជាប្រទេសម៉ាឡេស៊ី កម្ពុជា និងឥណ្ឌូណេស៊ីផងដែរ៕​