ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានប្រកាសថា លោកអាចនឹងដំឡើងពន្ធគយបន្ថែមទៀតលើប្រទេសចិន ស្រដៀងគ្នាទៅនឹងឥណ្ឌាដែរ ជុំវិញការបន្តទិញប្រេងឆៅពីរុស្ស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការប្រកាសនេះ ត្រូវបានធ្វើឡើង នៅចំពេលដែលលោក ត្រាំ កំពុងពិចារណាដាក់ទណ្ឌកម្មបន្ថែមទៀត ដើម្បីដាក់សម្ពាធទៅលើប្រទេសរុស្ស៊ី ឲ្យបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។
ដោយថ្លែងប្រាប់ទៅកាន់អ្នកយកព័ត៌មាន កាលពីថ្ងៃទី៦ ខែសីហា ប្រធានាធិបតីអាមេរិក លោក ត្រាំ បាននិយាយថា ការដំឡើងពន្ធលើប្រទេសចិន សម្រាប់ការទិញចូលប្រេងពីរុស្ស៊ីអាចនឹងធ្វើឡើង ប៉ុន្តែការសម្រេចចុងក្រោយនឹងអាស្រ័យទៅលើស្ថានភាពជាក់ស្តែង។
ប្រធានាធិបតីអាមេរិករូបនេះ បានពន្យល់ទៀតថា ៖”ខ្ញុំមិនអាចនិយាយឲ្យប្រាកដចំពោះរឿងនេះទេ។ យើងបានធ្វើជាវាមួយប្រទេសឥណ្ឌា ហើយយើងក៏មានគម្រោងបន្តធ្វើវាជាមួយប្រទេសមួយចំនួនទៀត។ មួយក្នុងចំណោមនោះអាចជាប្រទេសចិន”។
គួរឲ្យដឹងផងដែរថា បច្ចុប្បន្នចិនកំពុងប្រឈមមុខទៅនឹងពន្ធគយទូទៅចំនួន ៣០% ចំពោះការនាំចូលទំនិញទៅកាន់សហរដ្ឋអាមេរិក។
ជម្រាបជូនថា នៅមុននេះ ប្រធានាធិបតីអាមេរិក លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីបង្កើនពន្ធលើទំនិញឥណ្ឌា ពី ២៥% ដល់ ៥០% ដោយលើកឡើងពីការបន្តទិញចូលប្រេងឆៅរុស្ស៊ី របស់ប្រទេសនេះ។
យោងតាមទិន្នន័យទទួលបានពី DW បង្ហាញថាក្នុងកំឡុងឆ្នាំ ២០២១-២០២៤ ការនាំចូលប្រេងរបស់ឥណ្ឌាពីរុស្ស៊ីបានកើនឡើង ១៩ ដង ដល់ ១,៩ លានបារ៉ែលក្នុងមួយថ្ងៃ។ ទន្ទឹមនឹងនោះ ចិនកើនឡើង ៥០% ដល់ ២,៤ លានបារ៉ែលក្នុងមួយថ្ងៃ៕

