នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ធនាគារ ជីប ម៉ុង មានកិត្តិយសបានទទួលស្វាគមន៍វត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានអញ្ជើញចុះទស្សនកិច្ចនៅទីស្នាក់ការកណ្តាលរបស់ធនាគារ ជីប ម៉ុង។

ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង និងអ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង រួមជាមួយថ្នាក់ដឹកនាំ និងបុគ្គលិក បានទទួលស្វាគមន៍ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រកបដោយការគោរព ភាពកក់ក្តៅ ព្រមទាំងបានអមដំណើរទស្សនកិច្ចនៅបរិវេណការិយាល័យ និងផ្នែកប្រតិបត្តការសំខាន់ៗរបស់ធនាគារ។
ដំណើរទស្សនកិច្ចដ៏មានអត្ថន័យនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ ការគាំទ្រ និងទំនុកចិត្តដ៏មានតម្លៃចំពោះការរីកចម្រើនរបស់ធនាគារ ជីប ម៉ុង ព្រមទាំងជាកម្លាំងចិត្តដ៏សំខាន់ក្នុងការបន្តពង្រឹងគុណភាពសេវាហិរញ្ញវត្ថុ ជំរុញនវានុវត្តន៍ និងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។
ធនាគារ ជីប ម៉ុង ក៏បានសម្តែងនូវសេចក្តីថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងសូមគោរពថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់ចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដែលបានផ្តល់កិត្តិយសអញ្ជើញទៅទស្សនកិច្ចនៅទីស្នាក់ការកណ្តាលរបស់ធនាគារ ជីប ម៉ុង។











