កំពង់ផែទេសចរណ៍អន្តរជាតិកំពត លើផ្ទៃដីជាង ៤ហិកតា ជាអំណោយរបស់ អ្នកឧកញ៉ា វិញ ហួរ ជូនរាជរដ្ឋាភិបាលកម្ពុជា បើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកនេះ

ជុំវិញ​ឧកញ៉ា

កំពង់ផែទេសចរណ៍អន្តរជាតិកំពត ស្ថិតនៅក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ ៤,២៥ហិកតា ជាអំណោយរបស់ អ្នកឧកញ៉ា វិញ ហួរ (អំណោយលើផ្ទៃដី) ជូនរាជរដ្ឋាភិបាលកម្ពុជា បានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី២១ ខែមេសានេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធកំពង់ផែទេសចរណ៍អន្តរជាតិកំពត នាព្រឹកថ្ងៃចន្ទនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ អ្នកឧកញ៉ា វិញ ហួរ ដែលបានផ្តល់ដី ៤.២៥ហិកតា សម្រាប់ការសាងសង់កំពង់ផែនេះ ដែលជាសមិទ្ធផលទី១ សម្តេចបើកសម្ពោធមុនគេ ក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

កំពង់ផែទេសចរណ៍អន្តរជាតិកំពត បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលអនុវត្តការសាងសង់ដោយក្រុមហ៊ុន អេស.ប៊ី.ភី.អេច អ៊ិនជីនារីង & ខន់ស្ត្រាក់សិន ខូអិលធីឌី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុន អេស ប៊ី ខេ រីស៊ើច អេនឌីវេឡុបមេន និងបានប្រើប្រាស់ថវិកាក្រោមឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ីប្រមាណ ១០លានដុល្លារអាម៉េរិក និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលមួយចំនួនផងដែរ។

សូមជម្រាបថា កំពង់ផែទេសចរណ៍នេះ គឺមានតម្រាយផ្លូវនាវាចរណ៍ មានជម្រៅទឹក ៣ម៉ែត្រ ដោយរាប់ចាប់ពីទីតាំងបត់នាវារហូតដល់ផ្ទៃសមុទ្រ ដែលមានប្រវែង ៦,៧៥គីឡូម៉ែត្រ និងទទឹងទំហំ ៦២ម៉ែត្រ ចែកជា ២គន្លងទៅមក ដែលអាចអនុញ្ញាតឱ្យនាវាផ្ទុកអ្នកដំណើរ ឬភ្ញៀវទេសចររហូតដល់ ៣០០នាក់ អាចចេញ-ចូលជាលក្ខណៈអន្តរជាតិបាន ដោយសុវត្ថិភាព៕