កម្ពុជាបន្ដតវ៉ា និងទាមទារឱ្យថៃគោរពកិច្ចព្រមព្រៀង អនុសញ្ញា សន្ធិសញ្ញា ខណៈយោធាថៃបន្ដរំលោភចូលជ្រៅក្នុងតំបន់ច្រកទ្វារអន្តរជាតិថ្មដា

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ បានបន្ដតវ៉ា យ៉ាងខ្លាំងចំពោះការបន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា តាមបណ្ដោយព្រំដែន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី១០ ខែសីហា ក្រសួងការបរទេសបានឱ្យដឹងថា នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានបន្តសាងសង់លេណដ្ឋានយោធាថ្មី ដោយរំលោភចូលក្នុងទឹកដីកម្ពុជានៅតំបន់ច្រកទ្វារអន្តរជាតិថ្មដា ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ លើសពីនេះ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលថៃ បានប្រកាសផែនការពង្រីកបណ្តាញអគ្គិសនី ជាតិរបស់ថៃទៅកាន់តំបន់ប្រាសាទតាក្របី និងភ្នំ៣៣៣ ។

ក្រសួងការបរទេសចាត់ទុកសកម្មភាពទាំងនេះ គឺជាការប៉ុនប៉ងពង្រឹងការកាន់ កាប់ទឹកដីកម្ពុជាដោយខុសច្បាប់របស់ថៃ ដែលរំលោភលើកាតព្វកិច្ចរបស់ខ្លួន ក្រោមសន្ធិសញ្ញា និងកិច្ចព្រម ព្រៀងទ្វេភាគីដែលមានស្រាប់ ស្តីពីការកំណត់ព្រំដែនគោកជាមួយកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជា សូមប្រឆាំងដាច់ខាតចំពោះការរំលោភបំពានជាបន្តបន្ទាប់ និងកាន់តែខ្លាំងឡើង របស់កងកម្លាំងប្រដាប់អាវុធថៃ ហើយសូមបញ្ជាក់ជាថ្មីនូវជំហរដ៏មុតមាំថា តំបន់ដែលបានរៀបរាប់ខាងលើនេះ គឺស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជាទាំងស្រុង ដូចដែលបានកំណត់ និងខណ្ឌសីមា ដោយផែនទីមាត្រដ្ឋាន ១:២០០.០០០ ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម អនុលោម តាមអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។

ក្រសួងការបរទេស សង្កត់ធ្ងន់ថា សកម្មភាពដែលបានរៀបរាប់ខាងលើ គឺជាការរំលោភបំពានលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្ដីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក (MoU ឆ្នាំ២០០០) ដែលបានចុះហត្ថលេខានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ព្រមទាំងចំណុចទី១(វិធានការកាត់បន្ថយភាពតានតឹង) នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

កម្ពុជា ទាមទារឱ្យថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងនេះនៅតំបន់ដែលបានរៀបរាប់ខាងលើ ក៏ដូចជា នៅតំបន់ផ្សេងទៀត ដែលត្រូវបានកាន់កាប់ដោយខុសច្បាប់ដោយកងកម្លាំងប្រដាប់អាវុធ ចាប់តាំងពីឆ្នាំមុន មក ដើម្បីកាត់បន្ថយភាពតានតឹង ជំរុញការជឿទុកចិត្តគ្នាទៅវិញទៅមក សម្របសម្រួលដល់ការដោះស្រាយ ជម្លោះដោយសន្តិវិធី ដើម្បីស្តារឡើងវិញនូវសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ នៅតាម បណ្ដោយព្រំដែនកម្ពុជា-ថៃ៕