កម្ពុជា បានប្រកាសដាក់ឱ្យអនុវត្ត ជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ឆ្នាំ ២០២៦-២០៣០» ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២៦។

“ធុរកិច្ចថ្មី” (ដែលភាសាអង់គ្លេសហៅថា Startup) ត្រូវបានចាត់ទុកជាធាតុមួយដ៏សំខាន់សម្រាប់ នវានុវត្តន៍ និង សហគ្រិនភាព ដែលប្រទេសជាច្រើន ក្នុងតំបន់ និង សកលលោក បាន និង កំពុងយកចិត្តទុកដាក់។ ធុរកិច្ចថ្មី គឺមានចរិតលក្ខណៈខុសពីសហគ្រាសធុនមីក្រូ, តូច, មធ្យម និង ធំ ដោយសារធុរកិច្ចថ្មី ប្រើប្រាស់នវានុវត្តន៍ និង បច្ចេកវិទ្យាឌីជីថលស៊ីជម្រៅ និង សម្បូរបែប សម្រាប់ការបង្កើតគំរូអាជីវកម្មក្នុងទីផ្សារថ្មី ជាជាងទីផ្សារដែលមានស្រាប់, ហើយមានសក្តានុពល និង កាលានុវត្តភាពក្នុងការពង្រីក អាជីវកម្មយ៉ាងរហ័ស ជាមួយនឹងក្តីរំពឹងថា អាចចាកចេញពីស្ថានភាពធុរកិច្ចថ្មី ហើយក្លាយទៅជាក្រុមហ៊ុន ធុរកិច្ចថ្មី ដែលជោគជ័យ នាអនាគត ទោះបីជា គំរូអាជីវកម្មធុរកិច្ចថ្មី មានភាពមិនប្រាកដប្រជាខ្ពស់ក្នុងទីផ្សារ យ៉ាងណាក្តី។

យុទ្ធសាស្រ្តជាតិនេះមានចក្ខុវិស័យធ្វើឱ្យកម្ពុជាមានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ, រស់រវើក និងបរិយាបន្ន ដែលអាចពូនជ្រុំសហគ្រិននវានុវត្តន៍ឱ្យបង្កើតដំណោះស្រាយថ្មីៗក្នុងទីផ្សារដើម្បីអភិវឌ្ឍធុរកិច្ចថ្មីឱ្យក្លាយជាក្រុមហ៊ុនដែលមានសមត្ថភាពប្រកួតប្រជែង និងលូតលាស់រហ័សសំដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

យុទ្ធសាស្ត្រជាតិនេះ បានកំណត់សូចនាករសមិទ្ធកម្មគន្លឹះចំនួន ៤ សម្រាប់ វាស់វែងការអនុវត្តក្នុងរយៈពេល ៥ ឆ្នាំ (២០២៦-២០៣០) រួមមាន៖ ១) សន្ទស្សន៍ប្រតិបត្តិការប្រព័ន្ធអេកូឡូស៊ី ធុរកិច្ចថ្មីនឹងត្រូវចាកចេញពី ប្រព័ន្ធអេកូឡូស៊ីកំពុងងើបឡើង (Emerging Ecosystem) ទៅជាប្រព័ន្ធអេកូឡូស៊ី ដែលអាចពង្រីកខ្លួននៅក្នុងទីផ្សារ (Expanding Ecosystem), ២) ចំនួនធុរកិច្ចថ្មីដែលបានចូលរួមកម្មវិធីបណ្តុះ ធុរកិច្ចថ្មីមានចំនួន ៣០០, ៣) ចំនួនធុរកិច្ចថ្មីដែលទទួលបានការវិនិយោគមានចំនួន ១០០ និង ៤) ទំហំវិនិយោគ លើធុរកិច្ចថ្មីមាន ៣០ លានដុល្លារអាម៉េរិក។ ក្រសួង ស្ថាប័នទទួលបន្ទុកអនុវត្ត ត្រូវរៀបចំសូចនាករ សមិទ្ធកម្មគន្លឹះរៀងៗខ្លួន ដើម្បីគាំទ្រដល់ការសម្រេចឱ្យបាននូវសូចនាករគោលទាំង ៤ ខាងលើ៕


