គិតត្រឹមថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០២៦ ខេត្តភូមិភាគឦសាន បានទទួលសំណើគម្រោងសរុបចំនួន ៧២ គម្រោង ក្នុងទុនវិនិយោគ ២ ៦៥០ លានដុល្លារអាម៉េរិក។ នេះបើយោងតាមកិច្ចពិភាក្សាជាមួយធុរជនក្នុងខេត្តមណ្ឌលគិរី ដើម្បីជំរុញការអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» និង ផ្សព្វផ្សាយអំពីវិសាលភាពនៃកម្មវិធីពិសេស កាលថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២៦ ក្រោមការដឹកនាំ លោកហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន។

អង្គប្រជុំបានស្តាប់នូវបទបង្ហាញ អំពីទិដ្ឋភាពបច្ចេកទេសទាក់ទងនឹងអត្ថប្រយោជន៍ នៃការលើកទឹកចិត្ត និង ការសម្រួលនីតិវិធី ដែលកម្មវិធីពិសេសអាចផ្តល់ជូន តួយ៉ាងដូចជា ការផ្តល់ការគាំទ្រពិសេសដល់សហគ្រាសធុនតូច និងមធ្យម ដោយបានបន្ធូរបន្ថយលក្ខខណ្ឌនៃទំហំទុនវិនិយោគអប្បបរមា ចាប់ពី ១០ម៉ឺនដុល្លារ ឡើងទៅ គឺអាចស្នើសុំគោលការណ៍វិនិយោគពី ក.វ.ឦសាន ដើម្បីចុះបញ្ជីជា គ.ល.គ. បាន ។
លើសពីនេះ សម្រាប់សកម្មភាពធុរកិច្ច ដែលកំពុងដំណើរការក្នុងខេត្តទាំងបួន តែមិនទាន់បានចុះបញ្ជីពន្ធដារ ក៏អាចចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត រហូតដល់ដំណាច់ឆ្នាំ ២០២៦ ហើយទទួលបានការលើកលែងនូវពិន័យទោសទណ្ឌ, បំណុលពន្ធ និង ការផាកពិន័យជាប្រាក់ ចំពោះការមិនបានបំពេញអនុលោមភាពកន្លងមក ផងដែរ ។

លោកហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ខេត្តភូមិភាគឦសាន រួមជាមួយរដ្ឋបាលខេត្ត ត្រៀមខ្លួនជានិច្ចក្នុងការទទួលនូវការស្នើសុំប្រឹក្សាយោបល់ ការគាំទ្រការដាក់ពាក្យ ការសម្រួលនីតិវិធី និង ការចូលរួមដោះស្រាយបញ្ហារាំងស្ទះដោយប្រការណាមួយ ដោយប្រើប្រាស់ “យន្តការច្រកចេញចូលតែមួយ” របស់ ក.វ.ឦសាន និង ការរួមគ្នាជំរុញការវិនិយោគនៅភូមិភាគឦសាន ដោយការដោះស្រាយបញ្ហារួមគ្នាជាកញ្ចប់ តាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ប្រកបដោយតម្លាភាព និង ប្រសិទ្ធភាព ។
សូមជម្រាបដែរថា គិតត្រឹមថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០២៦, ក.វ.ឦសាន បានទទួលសំណើគម្រោងសរុបចំនួន ៧២ គម្រោង ក្នុងទុនវិនិយោគ ២ ៦៥០ លានដុល្លារអាម៉េរិក ដែលបង្ហាញអំពីសក្តានុពល និង ចំណាប់អារម្មណ៍ពីវិនិយោគិន ក្នុងភូមិភាគឦសាន ។ ក្នុងនោះដែរ, ខេត្តមណ្ឌលគិរី បានទទួលសំណើគម្រោងចំនួន ២២ គម្រោង ក្រោមទុនវិនិយោគ ៥១១ លានដុល្លារអាម៉េរិក និង អាចបង្កើតការងារ ៥ ០០៣ កន្លែង ៕អត្ថបទ៖ ហ្សាលីន



