សម្តេចធិបតី បញ្ជាឱ្យអាជ្ញាធរខេត្តស្ទឹងត្រែង ទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្ម និងលំហូរសេដ្ឋកិច្ចខ្មៅ

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានចាត់ទុក ខេត្តស្ទឹងត្រែង គឺជាខេត្តមួយដែលជាអាទិភាពមួយនៅក្នុងរឿងកិច្ចការសន្ដិសុខ។ ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានបញ្ជាឱ្យអាជ្ញាធរខេត្តស្ទឹងត្រែង ទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន និងលំហូរសេដ្ឋកិច្ចខ្មៅ។នេះបើយោងតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា កាលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា នៅក្រុងស្ទឹងត្រែង ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរដល់គណៈបញ្ជាឯកភាពខេត្ត ដែលបានចូលរួមក្នុងការថែរក្សាសន្ដិសុខខេត្ត ខណៈខេត្តស្ទឹងត្រែង គឺជាខេត្តឆ្លងកាត់ធំទាក់ទងនឹងប្រទេសឡាវ និងប្រទេសមួយចំនួន ដែលទាក់ទងនឹងឧក្រិដ្ឋកម្មឆ្លងដែនមួយចំនួនដែលចាំបាច់ត្រូវការពង្រឹងការគ្រប់គ្រង។

ប៉ុន្តែយ៉ាងណា សម្ដេចធិបតី បានបញ្ជាក់ថា កន្លងទៅខេត្តស្ទឹងត្រែង មានការចាប់ ការបំផ្លាញនូវសកម្មភាពខុសច្បាប់ឆ្លងដែន ឆ្លងកាត់ រត់ពន្ធគ្រឿងញៀនដែន ដែលចូលពីប្រទេសផ្សេង មកកម្ពុជា ដើម្បីឆ្លងកាត់ដើម្បីឆ្លងដែន ដូច្នេះការទប់ទល់នេះគឺជាកិច្ចការសំខាន់។

ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានបញ្ជាឱ្យអាជ្ញាធរគ្រប់សមត្ថកិច្ចរបស់ខេត្តស្ទឹងត្រែង បន្តពង្រឹងការទប់ស្កាត់បទល្មើសនានាពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែន ដោយធ្វើយ៉ាងណាកុំឱ្យខេត្ត មានពាក់ព័ន្ធជាមួយអ្វីដែលគ្រោះថ្នាក់ ដែលជាសេដ្ឋកិច្ចខ្មៅ យកចូលក្នុងខេត្តឱ្យសោះ។

ឆ្លៀតកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏បញ្ជាក់ដែរថា ខេត្តឆ្ងាយវាមានបញ្ហាសម្រាប់មុខរបរខ្លះ ប៉ុន្ដែវាក៏អំណោយផលសម្រាប់មុខរបរដែលមិនចង់ឱ្យគេឃើញ មុខរបរដែលអាចប៉ះពាល់ទៅដល់សន្ដិសុខសង្គម អីចឹងគឺត្រូវធ្វើម៉េចទប់ទល់ក្រុមបណ្ដាញឧក្រិដ្ឋកម្មមិនថានៅក្នុងខេត្ត ឬមួយក៏ឆ្លងខេត្ត ឬឆ្លងប្រទេស គឺត្រូវតែរួមគ្នាទប់ស្កាត់ឱ្យបាន និងទប់ស្កាត់ឱ្យបានម៉ឹងម៉ាត់ ព្រោះបើខេត្តមានមុខមាត់អាក្រក់ហើយ គឺលំបាកលាងសម្អាតណាស់ ដូច្នេះត្រូវរក្សាឱ្យបាននៅការទប់ស្កាត់បញ្ហានេះ៕អត្ថបទ៖ហ្សាលីន