ក្រុមហ៊ុន Apple បាននិងកំពុងសាកល្បងបន្ទះឈីបអង្គចងចាំរបស់ក្រុមហ៊ុន ChangXin Memory Technologies (CXMT) ដែលជាក្រុមហ៊ុនផលិតឈីបអង្គចងចាំធំជាងគេបង្អស់របស់ប្រទេសចិន លើផលិតផលជាច្រើន រួមមាន iPhone និង MacBook របស់ខ្លួន ដើម្បីកាត់បន្ថយការខ្វះខាតគ្រឿងបន្លាស់ដែលជំរុញដោយការរីកចម្រើននៃបច្ចេកវិទ្យា AI។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Wall Street Journal។

ក្រុមហ៊ុន Apple បានធ្វើការពិភាក្សាដំបូងជាមួយ CXMT ដែលជាក្រុមហ៊ុនផលិតឈីបធំជាងគេរបស់ចិនតាមតម្លៃទីផ្សារ អំពីការផ្គត់ផ្គង់សមាសភាគ គ្រឿងបន្លាស់ ដោយមានគោលដៅប្រើប្រាស់ពួកវានៅក្នុងឧបករណ៍មួយចំនួនដែលលក់នៅក្នុងប្រទេសចិន។
យ៉ាងណាមិញ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters ក៏បានរាយការណ៍ពីមុនថា ក្រុមហ៊ុន CXMT កំពុងពិចារណាសាងសង់រោងចក្រផលិតបន្ទះឈីបអង្គចងចាំទីពីររបស់ខ្លួន នៅទីក្រុងប៉េកាំង ដើម្បីបង្កើនផលិតកម្មបន្ថែម ចំពេលកំពុងមានការតម្រូវការខ្លាំងជាសកល។
ជម្រាបជូនផងដែរថា ក្រុមហ៊ុនផលិតកុំព្យូទ័រយួរដៃ HP និង Acer បានចាប់ផ្តើមប្រើប្រាស់បន្ទះឈីបអង្គចងចាំរបស់ក្រុមហ៊ុន CXMT រួចហើយ នៅក្នុងឧបករណ៍ដែលលក់នៅខាងក្រៅទឹកដីសហរដ្ឋអាមេរិក ដើម្បីបន្ធូរបន្ថយការខ្វះខាតការផ្គត់ផ្គង់៕

