អនុប្រធានាធីបតីអាមេរិក លោក JD Vance បាននិយាយថា មហាសេដ្ឋី Elon Musk បានសាងកំហុសដ៏ធំបំផុតមួយ នៅពេលដែលលោកបានបង្កឲ្យមានជម្លោះពាក្យសម្តីយ៉ាងក្តៅគគុក ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗកន្លងទៅនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Politico។
លោក Vance បាននិយាយនៅក្នុងផតឃែសមួយដែលបង្ហោះបានបង្ហោះកាលពីថ្ងៃទី៧ ខែមិថុនាកន្លងទៅ ដោយសំដៅលើទៅលើថៅកែក្រុមហ៊ុន Tesla និងប្រធានាធិបតីលោក ត្រាំ ថា៖” ខ្ញុំគិតថាបុរសដែលមានដាច់គេលើពិភពលោក បានសាងកំហុសដ៏ធំមួយ ដោយការប៉ះទង្គិចពាក្យសម្តីជាមួយបុរសដែលមានអំណាចបំផុត នៅក្នុងពិភពលោក”។
លោក Vance បានបន្ថែមទៀតថា វានឹងពិបាកសម្រាប់លោក Musk ដើម្បីទទួលបានការពេញចិត្តពីសំណាក់លោក ត្រាំ ឡើងវិញ បន្ទាប់ពីមានភាពប្រេះឆាដែលបណ្តាលមកពីការទាស់ទែងពាក្យសម្តីគ្នាបែកផ្សែង នៅលើបណ្តាញសង្គម កាលពីថ្ងៃទី៥ ខែមិថុនា។
អនុប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បាននិយាយថា ៖ “បើជាខ្ញុំ ខ្ញុំនឹងស្មោះត្រង់នឹងលោកប្រធានាធិបតីជានិច្ច ហើយសង្ឃឹមថានៅទីបំផុត Elon នឹងត្រលប់មកវិញ ប៉ុន្តែវាប្រហែលជាមិនកើតឡើងនៅពេលនេះទេ ដោយសារតែគាត់បាននិយាយជ្រុលហួសហេតុពេក។ ជម្លោះរវាងអ្នកទាំងពីរ អាចនឹងមិនល្អសម្រាប់ប្រទេស ប៉ុន្តែខ្ញុំគិតថាវារឹតតែមិនល្អសម្រាប់លោក Musk និងអាជីវកម្មរបស់គាត់ ផងដែរ”។
គួរឲ្យដឹងផងដែរថា លោក Elon Musk គឺជាម្ចាស់ជំនួយដ៏ធំបំផុតសម្រាប់យុទ្ធនាការរបស់លោក ត្រាំ។ បន្ទាប់ពីចូលកាន់តំណែងកាលពីខែមករា ប្រធានាធិបតីអាមេរិករូបនេះ បានសម្រេចជ្រើសរើសលោក Musk ឲ្យដឹកនាំការិយាល័យប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើកំណែទម្រង់រដ្ឋាភិបាល និងសន្សំសំចៃការចំណាយ។
តែទោះជាយ៉ាងណាក៏ដោយ ភាពប្រេះឆារវាងទំនាក់ទំនងដ៏ស្អិតរមួតរបស់អ្នកទាំងពីរ បានលេចឡើង បន្ទាប់ពីលោក Musk បានដកខ្លួនចេញពីតំណែងជាបុគ្គលពិសេសនៅក្នុងជួររដ្ឋាភិបាល ហើយបានចាប់ផ្តើមវាយប្រហារលើផែនការចំណាយដ៏ខ្ពស់របស់បក្សសាធារណរដ្ឋដែលផ្តោតលើកញ្ចប់កាត់បន្ថយពន្ធចំនួន ៤,៥ពាន់ពាន់លានដុល្លារ។ ក្រោយមកអ្នកទាំងពីរ បានចាប់ផ្តើមឈ្លោះគ្នាយ៉ាងក្តៅគគុក នៅលើបណ្តាញសង្គម ដោយបានលើកឡើងពីបញ្ហាផ្ទាល់ខ្លួនជាច្រើនរបស់គ្នា ទៅវិញទៅមក៕