លោក ត្រាំ គំរាមដកអេស្ប៉ាញចេញពី NATO ក្រោយមិនព្រមបង្កើនការចំណាយលើវិស័យការពារជាតិ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា អេស្ប៉ាញគួរតែត្រូវដកចេញពីសមាជិករបស់អង្គការ NATO ដោយសារតែពួកគេបានបរាជ័យក្នុងការបំពេញតាមគោលដៅចំណាយលើវិស័យការពារជាតិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បានិយាយប្រាប់ទៅកាន់បទសម្ភាសមួយនៅឯសេតវិមាន កាលពីថ្ងៃទី៩ ខែតុលាថា៖”​ យើងមានប្រទេសមួយដែលកំពុងយឺតយាវ ក្នុងការបំពេញតាមគោលដៅចំណាលើវិស័យការពារជាតិ បើធៀបទៅនឹងសម្ព័ន្ធមិត្តផ្សេងទៀត។ ហើយប្រទេសនោះ គឺអេស្ប៉ាញ”។

គួរឲ្យដឹងផងដែរថា ដោយស្ថិតនៅក្រោមសម្ពាធពីលោក ត្រាំ សមាជិករបស់ NATO ចំនួន ៣២ ប្រទេស បានព្រមព្រៀងគ្នានៅក្នុងខែមិថុនា ដើម្បីបង្កើនការចំណាយលើយោធាយ៉ាងច្រើន គិតនៅក្នុងមួយទសវត្សចុងក្រោយ ដោយក្នុងនោះត្រូវបានបែងចែក ៣,៥% នៃផលិតក្នុងស្រុកសរុបសម្រាប់វិស័យការពារស្នូល និង ១,៥% ទៅកាន់វិស័យទូលំទូលាយ ដូចជាហេដ្ឋរចនាសម្ព័ន្ធ និងសន្តិសុខតាមអ៊ីនធើណិតជាដើម។

ទន្ទឹមនឹងនេះ​ លោក ត្រាំ បាននិយាយថាប្រទេសអេស្ប៉ាញ “គ្មានហេតុផល” ដែលមិនសម្រេចបាននូវគោលដៅដែលសម្ព័ន្ធមិត្តទាំងមូលផ្សេងទៀត កំពុងធ្វើការឆ្ពោះទៅរកនោះទេ។ ហើយប្រធានាធិបតីអាមេរិករូបនេះ ថែមទាំងបានសង្កត់ធ្ងន់ទៀតថា ៖”វាមិនមានបញ្ហាទេប្រសិនបើពួកគេមិនធ្វើតាម គឺយើងអាចបណ្តេញពួកគេចេញពីអង្គការ NATO បាន” ។

ជម្រាបជូនថា បច្ចុប្បន្ន អេស្ប៉ាញ គឺជាសមាជិកមួយក្នុងចំនោមសមាជិកណាតូដែលមានសមាមាត្រចំណាយលើវិស័យការពារជាតិទាបបំផុតនៅក្នុងអង្គការ។ ហើយជាមួយគ្នានោះនាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sanchez បានបញ្ជាក់ម្តងហើយម្តងទៀតថាប្រទេសលោក មិនត្រូវចាំបាច់ឈានដល់តួលេខ ៥% នៃ GDP សរុប សម្រាប់ការចំណាយលើវិស័យនេះនោះឡើយ៕​