គម្រោង LASED III ពិនិត្យសម្រេចកំណត់ទីតាំងដីសម្បទាន ដើម្បីស្តារជីវភាពពលករខ្មែរអាយុចាប់ពី ៤០ឆ្នាំឡើង ដែលត្រឡប់ពីប្រទេសថៃ

សង្គម​ និង​សេដ្ឋកិច្ច

គម្រោង LASED III បានបើកកិច្ចប្រជុំយ៉ាងសំខាន់មួយ ដើម្បីពិនិត្យ និងសម្រេចកំណត់ទីតាំងដី សម្រាប់អនុវត្ត «កម្មវិធីសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ចគាំទ្រដល់ពលករខ្មែរ ដែលមានអាយុចាប់ពី ៤០ឆ្នាំឡើង ត្រឡប់ពីប្រទេសថៃ» (LASED III-40) កាលពីទី១១ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក សូខន ឫទ្ធីគុណ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការដឹកនាំគម្រោង LASED III។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អង្គប្រជុំទាំងមូល បានផ្តោតការពិភាក្សាយ៉ាងលម្អិតទៅលើនីតិវិធីច្បាប់ និងវឌ្ឍនភាពការងាររបស់កម្មវិធី ដើម្បីធានាថាការបែងចែកដីធ្លីនេះប្រព្រឹត្តទៅដោយតម្លាភាព និងចំគោលដៅពិតប្រាកដ។

រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានបង្ហាញការឯកភាព និងគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្តកម្មវិធី LASED III-40 នេះ។ គួរឱ្យដឹងថា កម្មវិធីនេះ មានគោលបំណងយុទ្ធសាស្ត្រក្នុងការជួយសង្គ្រោះពលករក្រីក្រដែលបានវិលត្រឡប់ពីប្រទេសថៃ ឱ្យមានដីធ្លីពិតប្រាកដសម្រាប់បង្កបង្កើនផល បង្កើតប្រភពចំណូលប្រកបដោយចីរភាព កាត់បន្ថយភាពក្រីក្រ និងកែលម្អកម្រិតជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង។

តាមរយៈគម្រោង LASED III នេះ ពលករខ្មែរវ័យចំណាស់ដែលត្រឡប់ពីថៃ នឹងមិនត្រឹមតែទទួលបានដីធ្លីសម្រាប់សាងសង់លំនៅឋាន និងបង្កបង្កើនផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានការគាំទ្រលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម ដើម្បីជួយទ្រទ្រង់ជីវភាពគ្រួសារឱ្យរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព៕