អ្នកឧកញ៉ា គិត ម៉េង ជួបពិភាក្សាជាមួយគណៈប្រតិភូស្ថានទូតសហរដ្ឋអាម៉េរិក ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ធុរកិច្ចនិងវិនិយោគ ផ្តោតលើវិស័យថាមពល

ជុំវិញ​ឧកញ៉ា

នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅទីស្នាក់ការក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប, អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុម​ប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានទទួលស្វាគមន៍គណៈប្រតិភូស្ថានទូតសហរដ្ឋ​អាម៉េរិក​ប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកស្រី Aleks Zittle ភារធារី ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច និងវិនិយោគរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្តោតសំខាន់លើឱកាសវិនិយោគរបស់ក្រុមហ៊ុនអាម៉េរិកនៅកម្ពុជា ព្រមទាំងលទ្ធភាព​ក្នុងការចាប់ដៃគូជាមួយ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ជាពិសេសក្នុងវិស័យថាមពល និងថាមពលកកើតឡើងវិញ ដែលត្រូវបានចាត់ទុកថាជាវិស័យមានសក្តានុពលសម្រាប់ការវិនិយោគ និងកិច្ចសហប្រតិបត្តិការរយៈពេលវែង។

លោកស្រី Aleks Zittle បានបង្ហាញពីការចាប់អារម្មណ៍របស់ក្រុមហ៊ុន និងវិនិយោគិនសហរដ្ឋអាម៉េរិក ចំពោះវិស័យ​ថាមពលកកើតឡើងវិញនៅកម្ពុជា ជាពិសេសចំពោះគម្រោងវិនិយោគធំៗរបស់ រ៉ូយ៉ាល់ គ្រុប ដែលអាចបង្កើត​ឱកាស​សម្រាប់​ក្រុមហ៊ុនអាម៉េរិកចូលរួមជាដៃគូ និងពង្រីកវត្តមានរបស់ខ្លួននៅក្នុងទីផ្សារកម្ពុជា។

ជាការឆ្លើយតប អ្នកឧកញ៉ា គិត ម៉េង បានស្វាគមន៍ និងបង្ហាញការបើកចំហចំពោះក្រុមហ៊ុនសហរដ្ឋអាម៉េរិក​ដែលមានបំណងមកវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យថាមពលកកើតឡើងវិញ និងតាមរយៈកិច្ចសហការ​ជាមួយក្រុមហ៊ុន បទុមសាគរ អេនើជី ឯ.ក (Botum Sakor Energy Company Limited) ដែលជាក្រុមហ៊ុន​បុត្រសម្ព័ន្ធ គ្រប់គ្រងទាំងស្រុងដោយ រ៉ូយ៉ាល់ គ្រុប។

ទន្ទឹមនឹងនេះ អ្នកឧកញ៉ា គិត ម៉េង ក៏បានលើកឡើងពីសក្តានុពល និងភាពទាក់ទាញ នៃបរិយាកាសវិនិយោគ​នៅកម្ពុជា ដោយសង្កត់ធ្ងន់លើស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការគាំទ្ររបស់រាជរដ្ឋាភិបាល ចំពោះវិស័យឯកជន និងវិនិយោគិនបរទេស។ កត្តាទាំងនេះ ត្រូវបាន មើលឃើញថាជាមូលដ្ឋាន​សំខាន់សម្រាប់ការ​ទាក់ទាញ​ទុនវិនិយោគ និងជំរុញការចូលរួមរបស់ក្រុមហ៊ុនអន្តរជាតិក្នុងការអភិវឌ្ឍវិស័យថាមពលរបស់កម្ពុជា។

សូមជម្រាបថា ក្នុងចំណោមគម្រោងវិនិយោគសំខាន់ៗរបស់ រ៉ូយ៉ាល់ គ្រុប ក្នុងវិស័យថាមពល គឺគម្រោង​រោងចក្រ​ផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិរាវ LNG របស់ ក្រុមហ៊ុន បទុមសាគរ អេនើជី ដែលមានអានុភាពសរុប ៩០០មេហ្កាវ៉ាត់ និងទុនវិនិយោគប្រមាណ ១,៣៤ពាន់លានដុល្លារអាម៉េរិក ស្ថិតនៅក្នុងស្រុកបទុមសាគរ ខេត្តកោះកុង ត្រូវបានចាត់ទុកថាជាគម្រោងថាមពលដ៏ធំមួយ ដែលអាចចូលរួមពង្រឹងសមត្ថភាពផលិតអគ្គិសនី និងសន្តិសុខថាមពលរបស់កម្ពុជា។

គម្រោងបានចាប់ផ្តើមសាងសង់ជាផ្លូវការកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ហើយត្រូវបានបែងចែកជាពីរ​ដំណាក់កាល។ ដំណាក់កាលទី១ មានអានុភាព ៤៥០មេហ្គាវ៉ាត់ គ្រោងនឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២៦ ខណៈដំណាក់កាលទី២ ដែលមានអានុភាព ៤៥០មេហ្គាវ៉ាត់ បន្ថែមទៀត គ្រោងនឹងដាក់ឱ្យដំណើរការ​នៅឆ្នាំ២០២៧។