ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប និងជាទីប្រឹក្សាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំដល់បងប្អូនប្រជាពលរដ្ឋខ្មែរ កុំនាំគ្នាទិញដីទុក ផ្ញើលុយនៅធនាគារ ឬសម្រុកទិញមាសទុក ហើយគួររំលែកលុយរកស៊ីជាមួយក្រុមហ៊ុនខ្មែរ ដើម្បីឱ្យចរន្តសាច់ប្រាក់ដើររលូន និងជួយដល់សេដ្ឋកិច្ចកម្ពុជា។

នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ ឧកញ៉ា ប៉ិច បូឡែន បានលើកឡើងលើបណ្តាញសង្គមហ្វេសប៊ុកថា លោកកំពុងជជែកវែកញែកជាមួយ CEO Canadia Securities ថាកាលមុនមានលុយនាំគ្នាទិញដីទុក ដល់ពេលគាំងដី មិនដឹងរកស៊ីអី សម្រុកយកលុយផ្ញើធនាគារយកការប្រាក់បញ្ញើ ហើយដល់ពេលធនាគារបញ្ចុះការប្រាក់បញ្ញើ នាំគ្នាសម្រុកទិញមាស ព្រោះមិនទាន់ដឹងរកស៊ីអី ហើយមិនទុកចិត្តសេដ្ឋកិច្ច ចុងបញ្ចប់ចរន្តសាច់ប្រាក់ប្រតិបត្តិការបង្វិលសម្រាប់ប្រតិបត្តិករសេដ្ឋកិច្ចនៅតែតឹង។
លោកឧកញ៉ា បានលើកជាសំណូមពរថា ជាការប្រសើរបើបងប្អូនទាំងអស់គ្នារំលែកលុយខ្លះចេញរកស៊ី បណ្តាក់ទុនក្នុងក្រុមហ៊ុនណាមួយ ឬវិនិយោគក្នុងទីផ្សាហ៊ុនខ្មែរយើង ដើម្បីក្រុមហ៊ុនខ្មែរយើងមានសាច់ប្រាក់ពង្រឹង និងពង្រីកអាជីវកម្ម។ ការសំខាន់មួយទៀត សូមស្នើរាជរដ្ឋាភិបាលកែសម្រួល កុំអាលយកពន្ធលើចំណេញមូលធនសម្រាប់ក្រុមហ៊ុនខ្មែរ។ សូមផ្តល់ឱកាសឱ្យក្រុមហ៊ុនខ្មែរជាពិសេសអាជីវកម្មខ្នាតតូច-មធ្យម ធ្វើការទិញ-លក់ហ៊ុន និងប្រមូលទុនវិនិយោគពង្រឹង-ពង្រីកអាជីវកម្មមួយរយៈពេលទៀតសិន៕


