ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានចេញមុខអះអាងថា សហរដ្ឋអាមេរិកបានគ្រប់គ្រងទាំងស្រុងលើច្រកសមុទ្រ Hormuz ហើយ ប៉ុន្តែមន្ត្រីអ៊ីរ៉ង់បានបដិសេធចំពោះការអះអាងនេះវិញ។ នេះបើតាមការចុះផ្សាយពីសារព៏ត៌មាន Al Jazeera។

លោក ត្រាំ បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់ខ្លួន នៅថ្ងៃទី១២ ខែសីហាថា ៖”សហរដ្ឋអាមេរិកបានគ្រប់គ្រងទាំងស្រុងលើច្រកសមុទ្រ Hormuz ។ ខ្ញុំគិតថាយើងនឹងបន្តរក្សាការគ្រប់គ្រងវា! ការបិទខ្ទប់ផ្លូវដែលធ្វើឡើងដោយកងទ័ពជើងទឹករបស់យើងត្រូវបានគេហៅថា «ជញ្ជាំងដែក» ហើយអ៊ីរ៉ង់មិនអាចធ្វើអ្វីដើម្បីទប់ទល់នឹងវាបានឡើយ”។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រដ្ឋបាលច្រកសមុទ្រនៃឈូងសមុទ្រពែរ្ស (PGSA) ដែលបង្កើតឡើងដោយអ៊ីរ៉ង់ ក្នុងខែឧសភា ដើម្បីត្រួតពិនិត្យច្រកសមុទ្រ Hormuz បានចេញមុខបដិសេធព័ត៌មាននេះភ្លាមៗ។ PGSA បាននិយាយទៀតថា «សេចក្តីថ្លែងការណ៍ និងការបង្ហោះម្តងហើយម្តងទៀតដោយមន្ត្រីអាមេរិក មិនបានផ្លាស់ប្តូរការពិតដែលថាច្រកសមុទ្រ Hormuz នៅតែត្រូវបានបិទនោះទេ ហើយវានឹងមិនត្រូវបានបើកឡើងវិញឡើយ រហូតដល់លក្ខខណ្ឌរបស់អ៊ីរ៉ង់ត្រូវបានទទួលយក”។
គួរជម្រាបជូនផងដែរថា ច្រកសមុទ្រ Hormuz ដែលមានទីតាំងស្ថិតនៅចន្លោះរវាងអ៊ីរ៉ង់ និងអូម៉ង់ ត្រូវបានបិទស្ទើរតែទាំងស្រុងចាប់តាំងពីការផ្ទុះឡើងនៃជម្លោះនៅមជ្ឈិមបូព៌ាមក។ នៅពាក់កណ្តាលខែមិថុនា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដែលរួមបញ្ចូលបទប្បញ្ញត្តិដើម្បីស្តារសកម្មភាពសមុទ្រនៅច្រក Hormuz ឡើងវិញ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការមិនចុះសម្រុងគ្នាលើការចរចាកន្លងមកបាននាំឱ្យមានការដួលរលំនៃបទឈប់បាញ់ និងធ្វើឲ្យច្រកដ៏សំខាន់នេះ នៅតែបន្តស្ថិតនៅក្នុងការរឹតត្បិតខ្លាំងដដែល៕

