បុរសខ្លាំង ពូទីន រិះគន់សហភាពអឺរ៉ុបថាកំពុងធ្វើខ្លួនដូចជាចោរសមុទ្រ

អន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចោទប្រកាន់ប្រទេសសហភាពអឺរ៉ុបថាបានធ្វើសកម្មភាពដូចជា «ចោរសមុទ្រ» ដោយស្ទាក់ចាប់នាវាពាណិជ្ជកម្មរុស្ស៊ីជាច្រើន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន TASS។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ពូទីន បាននិយាយក្នុងអំឡូងពេលកំពុងត្រួតពិនិត្យសមយុទ្ធកងទ័ពជើងទឹកនៅលើកោះ Sakhalin កាលពីថ្ងៃទី១២ ខែសីហាថា ៖”ប្រសិនបើសហភាពអឺរ៉ុប (EU) អនុវត្តការសម្រេចចិត្តរបស់ខ្លួនក្នុងការរឹបអូសនាវារុស្ស៊ី និងលក់ទ្រព្យសម្បត្តិដែលរឹបអូសបាន យើងនឹងត្រូវបង្ខំចិត្តឆ្លើយតបតាមនោះដែរ។ រុស្ស៊ីនឹងធ្វើសកម្មភាពគ្រប់ទីកន្លែងដែលយើងយល់ថាចាំបាច់ និងសមស្រប រួមទាំងនៅក្នុងតំបន់ទទួលខុសត្រូវរបស់កងនាវាប៉ាស៊ីហ្វិកផងដែរ”។

យ៉ាងណាមិញ ជុំវិញការអត្ថាធិប្បាយទាំងនេះ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុនអឺរ៉ុបជាច្រើនបានរារាំងនាវាដឹកប្រេងរបស់រុស្ស៊ីដែលត្រូវបានចោទប្រកាន់ថាបានរំលោភលើទណ្ឌកម្ម។ ទណ្ឌកម្មដែលបានអនុម័តកាលពីខែមុន អនុញ្ញាតឱ្យរដ្ឋជាសមាជិកសហភាពអឺរ៉ុបលក់ប្រេង ឬទំនិញណាមួយដែលរឹបអូសបានពីនាវាទាំងរុស្ស៊ីនោះ។

សហភាពអឺរ៉ុប បានបន្ថែមនាវាដឹកប្រេងដែលមានទង់ជាតិបរទេសជាង ៦៧០ គ្រឿងទៅក្នុងបញ្ជីទណ្ឌកម្មរបស់ខ្លួន ដោយចោទប្រកាន់ពួកគេពីបទដឹកជញ្ជូនប្រេងរបស់រុស្ស៊ី និងគេចវេះការកំណត់តម្លៃរបស់បស្ចិមលោក។ រដ្ឋជាសមាជិកពីមុនមានអំណាចត្រឹមតែរឹបអូសនាវាទាំងនេះសម្រាប់ការត្រួតពិនិត្យប៉ុណ្ណោះ។

ជុំវិញបញ្ហានេះ លោក ពូទីន បានសង្កត់ធ្ងន់ថា រុស្ស៊ីកំពុងពង្រឹងសន្តិសុខជាតិរបស់ខ្លួន ប៉ុន្តែតែងតែត្រៀមខ្លួនជាស្រេចដើម្បីស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទៅវិញទៅមក ដែលស្របតាមផលប្រយោជន៍របស់ប្រទេសជិតខាង និងមិត្តភក្តិរបស់រុស្ស៊ី។

គួរជម្រាបជូនថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប្រទេសនៅអឺរ៉ុបបានបង្កើនសកម្មភាពអនុវត្តទណ្ឌកម្មតាមសមុទ្ររបស់ពួកគេ។ កាលពីខែមីនា ប្រទេសបែលហ្ស៊ិកបានរឹបអូសនាវាដឹកប្រេងមួយគ្រឿងដែលសង្ស័យថាជា “កងនាវាស្រមោល” របស់រុស្ស៊ីនៅសមុទ្រខាងជើង។ នាវានេះមានសមត្ថភាពផ្ទុកប្រេងប្រហែល ៣៣០ ០០០ បារ៉ែល ដែលមានតម្លៃប៉ាន់ស្មានប្រហែល ២៦លានដុល្លារ៕​