អត្រាបញ្ឈប់ការងារនៅម៉ាឡេស៊ី កើនឡើងជិត ៥០% ក្នុងត្រីមាសទី១ ឆ្នាំនេះ

អន្តរជាតិ

ចំនួនកម្មករដែលត្រូវបានបញ្ឈប់ពីការងារនៅក្នុងប្រទេសម៉ាឡេស៊ី បានកើនឡើង ៤៧% ដល់ចំនួន ២៤ ១០០ នាក់ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរបាយការណ៍របស់ធនាគារវិនិយោគ Hong Leong ដោយផ្នែកលើទិន្នន័យពីអង្គការសន្តិសុខសង្គម បានបង្ហាញឲ្យដឹងថា ចំនួននៃការបាត់បង់ការងារបានកើនឡើងខ្ពស់បំផុត នៅក្នុងខែមករា ដោយមានការបញ្ឈប់ប្រហែល ១០ ៧០០ ករណី មុនពេលថយចុះមកនៅត្រឹម ៧ ៥០០ ករណី​ នៅក្នុងខែកុម្ភៈ និង ៥ ៩០០ ករណី នៅក្នុងខែមីនា។

គួរឲ្យដឹងថា វិស័យផលិតកម្មគឺជាផ្នែកដែលងាយរងគ្រោះបំផុត ជុំវិញការកាត់បន្ថយកម្លាំងពលកម្មនេះ ដោយសារតែការពឹងផ្អែកយ៉ាងខ្លាំងទៅលើពាណិជ្ជកម្មសកល និងតម្រូវការខាងក្រៅ ខណៈវិស័យលក់ដុំ និងលក់រាយ ក៏ដូចជាវិស័យទាក់ទងនឹងភស្តុភារ ក៏មើលឃើញពីផលប៉ះពាល់ខ្លាំងផងដែរ។

ធនាគារ Hong Leong ក៏បានបង្ហាញឲ្យដឹងទៀតផងដែរថា ជុំវិញការកើនឡើងនៃការបញ្ឈប់ការងារទាំងនេះ ត្រូវបានជំរុញដោយផ្នែកមួយដោយភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក និងភាពតានតឹងខាងភូមិសាស្ត្រនយោបាយ ដែលបានបង្ខំឱ្យអាជីវកម្មនានាសម្របខ្លួនទៅនឹងបរិយាកាសប្រតិបត្តិការដែលមានការប្រែប្រួលកាន់តែខ្លាំងឡើង៕